ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានអនុញ្ញាតអោយ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសំដែងការគួរសម និងជម្រាបលា


នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានអនុញ្ញាតអោយ ឯកឧត្តម ឌីមីទ្រី ឆ្វេតកូវ (Dmitry Tsvetkov) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសំដែងការគួរសម និងជម្រាបលា។ ឆ្លៀតឱកាសនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូតរុស្ស៊ី បានពិភាក្សាការងារដែលមានខ្លឹមសារដូចខាងក្រោម៖

1. ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកសរសើរឯកអគ្គរដ្ឋទូតរុស្ស៊ី ដែលបានខិតខំរួមចំណែកធ្វើឲ្យមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-រុស្ស៊ី បានរីកចម្រើនជាបន្ដបន្ទាប់ ក្នុងពេលបេសកកម្មរបស់ ឯកឧត្តម នៅកម្ពុជាអស់រយៈពេល៦ឆ្នាំ និងមានប្រសាសន៍ថា កម្ពុជានិងរុស្ស៊ីមានទំនាក់ទំនងល្អ និងចំណងមិត្តភាពយូរអង្វែង។ កន្លងមកប្រជាជនរុស្ស៊ីបានជួយកម្ពុជាយ៉ាងច្រើនក្នុងគ្រាដ៏លំបាកបំផុតកន្លងមក ដើម្បីកសាងនិងអភិវឌ្ឍប្រទេសកម្ពុជា។ ប្រទេសយើងទាំងពីរមានទំនាក់ទំនងដ៏ល្អ ព្រមទាំងមានកិច្ចសហប្រតិបត្តិការដ៏រឹងមាំលើវិស័យជាច្រើន កិច្ចព្រមព្រៀងទ្វេភាគី និងអនុស្សារណៈយោគយល់គ្នាប្រមាណ ៥១ ត្រូវបានចុះហត្ថលេខាលើវិស័យជាច្រើន ចាប់តាំងពីឆ្នាំ ២០១៥ មានជាអាទិ៍ ពាណិជ្ជកម្ម វិនិយោគ ធនាគារ កសិកម្ម បរិស្ថាន និងសន្តិសុខ។ល។
បច្ចុប្បន្ននេះ ភាគីទាំងពីរមានកិច្ចព្រមព្រៀង និងអនុស្សារណៈ យោគយល់គ្នាចំនួន ១៤ ដែលកំពុងត្រូវបានចរចា ដែលកិច្ចព្រមព្រៀងមួយចំនួនអាចនឹងត្រូវចុះហត្ថលេខានាពេលអនាគត រួមមានវិស័យអប់រំ ច្បាប់ យុវជន ទេសចរណ៍។ល។

2. ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកថា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការពហុភាគី គណៈកម្មការអន្តរ រដ្ឋាភិបាលស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកទេស ត្រៀមខ្លួនរួចជាស្រេចដើម្បីរៀបចំសម័យប្រជុំលើកទី១១ នៅថ្ងៃទី ១៧-១៨ ខែសីហា ឆ្នាំ ២០២០ នៅទីក្រុងភ្នំពេញ ក្នុងទិសដៅពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឲ្យកាន់តែរឹងមាំថែមទៀត។

3. កម្ពុជាសង្ឃឹមថារុស្ស៊ីដែលធ្វើជាប្រធានអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ នឹងគាំទ្រកម្ពុជាដើម្បីជាអ្នកសង្កេតការណ៍នៃអង្គការនេះ។

4. ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកថា ក្នុងក្របខ័ណ្ឌសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី កម្ពុជាសង្ឃឹមថា រុស្ស៊ីនឹងគាំទ្រកម្ពុជាក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី។

5. ឯកឧត្តមឧបនាយករដ្ឋមន្រ្តីសង្ឃឹមថា ប្រធានាធិបតីរុស្ស៊ីនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដែលនេះជាវេទិកាដ៏សំខាន់ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឲ្យកាន់តែរឹងមាំថែមទៀតរវាងបណ្តាប្រទេសអាស៊ីនិងអឺរ៉ុប ដែលនឹងអាចមានប្រមុខរដ្ឋ/រដ្ឋាភិបាលប្រមាណ ៥១ ប្រទេសចូលរួម។

6. ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-រុស្ស៊ី មានចំនួន 55.39 លានដុល្លារអាមេរិក នៅឆ្នាំ២០១៩ សង្ឃឹមថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-រុស្ស៊ី នឹងមានការកើនឡើងថែមទៀត នៅឆ្នាំ២០២០នេះ។

7. អ្នកទេសចររុស្ស៊ីមកទស្សនាកម្ពុជា មានចំនួន 55653 នាក់ នៅឆ្នាំ២០១៩ សង្ឃឹមថា ចំនួនអ្នកទេសចរ រុស្ស៊ីមកកម្ពុជា នឹងបន្តកើនឡើងជាបន្តបន្ទាប់នៅបណ្តាឆ្នាំខាងមុខ។

8. ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណរុស្ស៊ីដែលបានជួយកម្ពុជាយ៉ាងច្រើនលើគ្រប់វិស័យ និង ផ្តល់អាហារូបករណ៍ចំនួន ២០ កន្លែង ដល់និស្សិតកម្ពុជាដើម្បីសិក្សានៅរុស្ស៊ីសម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ ដោយការសិក្សានៅរុស្ស៊ីមានសារសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

9. ឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ី បានសំដែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ ដែលមានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់ ៧ភាគរយ ជាច្រើនឆ្នាំកន្លងមក ទោះបីជាកម្ពុជាមិនមែនជាប្រទេសផលិតប្រេងកាតនិងហ្គាស ដូចប្រទេសដទៃក៏ដោយ។
-ឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ី មានការរីករាយណាស់ ក្នុងរយៈពេលបេសសកម្មរបស់ ឯកឧត្តម កិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់គ្នា ចំនួន៥១ បានចុះហត្ថលេខារវាងកម្ពុជា និងរុស្ស៊ី ធ្វើអោយកិច្ចសហប្រតិបត្តិការ របស់យើងកាន់តែស៊ីជម្រៅ។
-ឯកឧត្តមសង្ឃឹមថា ប្រធានាធិបតីរុស្ស៊ីនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅកម្ពុជា ពេលខាងមុខនេះ។
-ឯកឧត្តមបញ្ជាក់ថា រុស្ស៊ីគាំទ្រកម្ពុជាពេញទំហឹង ដើម្បីធ្វើជាអ្នកសង្កេតការណ៍អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ។
-ក្រុមការងារកម្ពុជា-រុស្ស៊ីបានចាប់ផ្ដើមការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ សហភាពសេដ្ឋកិច្ច
អឺរ៉ាស៊ីរួចហើយ។