(ខេត្តត្បូងឃ្មុំ)៖ ក្រុមគ្រូពេទ្យជំនាញ បានយកវត្ថុសំណាកវិភាគរបស់អ្នកផ្ទុកមេរោគ កូវីដ ១៩ ចំនួន ០៤នាក់ នៅខេត្តត្បូងឃ្មុំ យកទៅធ្វើការពិសោធន៍ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ គិតត្រឹមថ្ងៃទី២៤មីនានេះ មានអ្នកជំងឺ ចំនួន ០២នាក់ ទទួលបានលទ្ធផលអវិជ្ជមាន ពោលគឺបានជាសះស្បើយ ដោយមិនមានផ្ទុកមេរោគកូវីដ១៩ ទៀតទេ ក្រោយពីធ្វើតេស្ត ចំនួន ០២លើក រួចមក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ដែល Swift News ទទួលបាន បង្ហាញថា បុរសខ្មែរទាំងពីរនាក់ ដែលមិនមានផ្ទុកមេរោគកូវីដ១៩ ក្រោយធ្វើតេស្ត ២លើក រួចមកនេះ ម្នាក់អាយុ ៥៦ ឆ្នាំ រស់នៅឃុំកោងកាង ស្រុកពញាក្រែក និងម្នាក់ទៀត អាយុ ៥៣ឆ្នាំ រស់នៅឃុំទ្រា ស្រុកក្រូចឆ្មារ។
រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា «ការពិសោធន៍លើអ្នកជំងឺទាំងពីរនេះ ទទួលបានលទ្ធផលអវិជ្ជមានដូចគ្នា ចំនួន ២លើក។ បច្ចុប្បន្ន ក្រុមគ្រូពេទ្យជំនាញ បានអនុញ្ញាតឲ្យពួកគាត់ វិលត្រលប់ទៅគេហដ្ឋានរបស់ខ្លួនវិញហើយ»។
សូមរម្លឹកថា កាលពីថ្ងៃទី២៣មីនាម្សិលមិញ មន្ទីរសុខាភិបាល ខេត្តព្រះវិហារ ក៏បានប្រកាសពីការជាសះស្បើយ ដោយមិនមានផ្ទុកមេរោគកូវីដ១៩ ទៀតទេ លើបុរសខ្មែរ ២នាក់។ ដូច្នេះ គិតត្រឹមរសៀល ថ្ងៃទី២៤មីនានេះ មានអ្នកជំងឺកូវីដ ចំនួន ៦នាក់ហើយ បានជាសះស្បើយ ក្នុងនោះ រួមមាន៖ បុរសខ្មែរ ២នាក់ នៅខេត្តព្រះវិហារ និងបុរសខ្មែរ ២នាក់ នៅខេត្តត្បូងឃ្មុំ រួមទាំងបុរសជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ និងស្ត្រីជនជាតិអង់គ្លេសម្នាក់ បញ្ជូនមកពីខេត្តកំពង់ចាម មកសម្រាកព្យាបាល នៅភ្នំពេញ។
កាលពីយប់ថ្ងៃទី២៣មីនា ក្រសួងសុខាភិបាល បានប្រកាសថា នៅកម្ពុជាយើង មានអ្នកកើតជំងឺកូវីដ១៩ ចំនួន ៨៧នាក់ ក្នុងនោះ មានខ្មែរយើង ៣៥នាក់៕