កិច្ចប្រជុំពង្រឹងការអប់រំ ផ្សព្វផ្សាយ និងពិនិត្យមើលស្ថានភាពតំបន់ដែលមានប្រជាពលរដ្ឋកើតជំងឺកូវីដ ១៩


ព្រឹកថ្ងៃពុធ ០២ កើត ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពង្រឹងការអប់រំ ផ្សព្វផ្សាយ និងពិនិត្យមើលស្ថានភាពតំបន់ដែលមានប្រជាពលរដ្ឋកើតជំងឺកូវីដ១៩ ដោយមានការចូលរួមពីសំណាក លោកអភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោកអធិការ នៃអធិការដ្ឋានក្រុងខេមរភូមិន្ទ ថ្នាក់ដឹកនាំសាសនាឥស្លាមនៅតំបន់ភូមិ៤ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍ថា បច្ចុប្បន្នជំងឺកូវីដ១៩ បាននិងកំពុងរាតត្បាតជាសកល ដោយមានប្រជាជនក្នុងប្រទេសជាច្រើនបានរងផលប៉ះពាល់នៃជំងឺនេះ រួមទាំងប្រទេសកម្ពុជាយើងផងដែរ។ ដោយឡែកខេត្តកោះកុងយើង ក៏មាន ០២ ករណីដែរ ដែលបានកេីតជំងឺនេះ តែជាអ្នកមកពីក្រៅមូលដ្ឋាន ហើយក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ពិនិត្យ និងព្យាបាលយ៉ាងហ្មតចត់ ដោយពុំមានការរើសអើងអ្វីឡើយ។

លោកជំទាវ បានស្នើអោយអ្នកពាក់ព័ន្ធទាំងអស់ មិនត្រូវមានការើសអើងចំពោះអ្នកកើតជំងឺនេះ ឬ អ្នកដែលនៅតំបន់ដែលមានផ្ទុះជំងឺនេះឡើយ។ បន្ថែមពីនេះ អាជ្ញារធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវផ្តល់ព័ត៌មាន និងសហការអប់រំផ្សព្វផ្សាយជូនប្រជាពលរដ្ឋអោយបានទូលំទូលាយនូវវិធីបង្ការ និងការពារ រួមទាំងជួយឧបត្ថម្ភគាំទ្រចំពោះការខ្វះខាតនានា ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នេះ។