ការចុះអនុស្សរណៈនៃការយោគយល់ដើម្បីសហការគ្នាលើគម្រោង បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ក្នុងវិស័យអប់រំ


រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុនមិត្តហ្វូន បានចុះអនុស្សរណៈជាដៃគូយុទ្ធសាស្ត្រយូរអង្វែងដើម្បីសហការគ្នាលើគម្រោង “បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ក្នុងវិស័យអប់រំ” ដែលកិច្ចសហការនេះ ជាភាពជោគជ័យមួយបន្ថែមទៀតនៃកម្មវិធី “អ៊ីនធឺណែតសម្រាប់សាលារៀន” ដែលធ្លាប់បានសហការអនុវត្តនាពេលកន្លងមក ក្នុងការផ្ដល់អ៊ីនធឺណិតឥតគិតថ្លៃដល់គ្រឹះស្ថានសិក្សាសាធារណៈ គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ សាកលវិទ្យាល័យ និងអង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា។

ការផ្ដល់អ៊ីនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅក្រសួងអប់រំ យុវជន និងកីឡា និងសាលារៀន គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងក្នុងការផ្លាស់ប្ដូរបរិបទការងារ និងការសិក្សាមកជាប្រព័ន្ធឌីជីថល និងរដ្ឋាភិបាលអេឡិចត្រូនិក e-Government ស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងឧស្សាហកម្ម ជំនាន់ទី៤។

សូមជម្រាបថា ជាមួយនឹងបេសកកម្មក្នុងការរួមចំណែកលើកកម្ពស់គុណភាពអប់រំនៅប្រទេសកម្ពុជា ឱ្យកាន់តែ ប្រសើរឡើង ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រុមហ៊ុនមិត្តហ្វូន បានព្រមព្រៀងគ្នាដើម្បីពង្រីកការផ្តល់សេវាអ៊ីនធឺណិតដល់សាលារៀនសាធារណៈ ចាប់ពីឆ្នាំ២០២០ នេះតទៅក្រោមគម្រោងឈ្មោះ “អ៊ីនធឺណិតសម្រាប់សាលារៀន” រហូតដល់ទៅ ៣.០០០ សាលារៀនទូទាំងប្រទេស និងគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីកសាងមជ្ឈមណ្ឌលទិន្នន័យ និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា សម្រាប់រយៈពេល៥ឆ្នាំ ខាងមុខទៀត។

ពិធីចុះអនុស្សរណៈនេះបានប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ពីសារៈសំខាន់នៃគម្រោងនេះក្នុងការគាំទ្រការអប់រំបែបឌីជីថល រួមចំណែកក្នុងការកែលម្អគុណភាព និងការលើកកម្ពស់ចំណេះដឹង និងជំនាញបច្ចេកវិទ្យាព័ត៌មាន សម្រាប់សិស្សនិស្សិត នៅព្រះរាជាណាចក្រកម្ពុជា។ ក្រសួងអប់រំ យុវជន និងកីឡា បន្តសហការជាមួយក្រុមហ៊ុនមិត្តហ្វូន ជាដៃគូយុទ្ធសាស្រ្តរយៈពេលវែងក្នុងការលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យា ទូរគមនាគមន៍ និងព័ត៌មាន នៅក្រសួងអប់រំ យុវជន និងកីឡា និងសាលារៀនទាំងអស់របស់ខ្លួនផងដែរ។

ជាការឆ្លើយតប លោក ហ្វុង វ៉ាន់ គឿង អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន បានសម្ដែងនូវការកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនមិត្តហ្វូន លើគាំទ្រ និងអនុវត្តគម្រោងនេះ និងបានគូសបញ្ជាក់ថា៖ “ជាថ្មីម្តងទៀត ក្រុមហ៊ុនមិត្តហ្វូន បញ្ជាក់ពីចក្ខុវិស័យដ៏មុតមាំរបស់យើងក្នុងការវិនិយោគលើការអប់រំនៅកម្ពុជាដែលជាការប្តេជ្ញាចិត្តដ៏សំខាន់របស់ពួកគេក្នុងការនាំយកនូវដំណោះស្រាយលំដាប់ពិភពលោកមកប្រទេសកម្ពុជាដែលត្រូវបានបញ្ជាក់ និងទទួលស្គាល់អស់រយៈពេលជាច្រើនឆ្នាំមកនេះ”។

បន្ទាប់ពីបញ្ចប់ការចុះអនុស្សរណៈនេះ ក្រសួងអប់រំ បានប្រើប្រាស់ប្រព័ន្ធ Video Conference ដើម្បីប្រជុំជាមួយប្រធានមន្ទីរគ្រប់រាជធានី/ខេត្ត ហើយក្នុងឱកាសនោះឯកឧត្ដមរដ្ឋមន្ត្រីក៏បានណែនាំពីវិធានការ និងគោលការណ៍មួយចំនួនដែលត្រូវអនុវត្តជាបន្ត៕

២៥ មីនា ២០២០ | ទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា