រដ្ឋបាល​រាជធានី​ភ្នំពេញសម្រេច​ផ្អាក​ការផ្តល់សេវា​រថយន្តក្រុង​-​កាណូត​ជា​បណ្តោះអាសន្ន​


ភ្នំពេញ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានសម្រេច​ផ្អាក​ការផ្តល់សេវា​រថយន្តក្រុង (City Bus) និង​សេវា​កាណូត (Taxi Boat)​ជា​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃទី​២៦ ខែមីនា រហូតដល់​ស្ថានការណ៍​នៃ​មេរោគ​កូ​វីដ ១៩ (Covid-19) បាន​ធូរស្បើយ​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា បច្ចុប្បន្ន​មេរោគ​កូ​វីដ ១៩ កំពុង​រាតត្បាត​នៅ​ទូទាំង​ពិភពលោក​ហើយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​ក្រសួងសុខាភិបាល​បាន​រកឃើញ​មាន​អ្នក​ផ្ទុកមេរោគ​កូ​វីដ​១៩​មួយចំនួន ហើយ​រាជរដ្ឋាភិបាល​ក៏បាន​ចាត់វិធានការ​ទប់ស្កាត់​ការចម្លង និង​ការរីក​រាលដាល នៃ​មេរោគ​កូ​វីដ ១៩ នេះ​ផងដែរ​។ ដូចនេះ​ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​ក្នុងការ​ទប់ស្កាត់​ការចម្លង និង​ការរីក​រាលដាល​មេរោគ​កូ​វីដ ១៩ នៅ​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​ផ្អាក​ការផ្តល់សេវា​រថយន្តក្រុង (City Bus) និង​សេវា​កាណូត (Taxi Boat) ជា​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃទី​២៦ ខែមីនា​ឆ្នាំ​២០២០ រហូតដល់​ស្ថានការណ៍​នៃ​មេរោគ​កូ​វីដ ១៩ (Covid-19) បាន​ធូរស្បើយ​។​

​ចាប់តាំងពី​វីរុស COVID-19 ផ្ទុះ​កាលពី​ចុងខែ​ធ្នូ​ឆ្នាំ​២០១៩​រហូតមកដល់​យប់​ថ្ងៃទី​២៥​ខែមីនា​នៅ​កម្ពុ​ជាមាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩​សរុប​ទាំងអស់​ចំនួន​៩៦​ករណី​បន្ទាប់ពី​រកឃើញ​ករណី​ថ្មី​ចំនួន​ប្រាំ​ទៀត​កាលពី​ថ្ងៃទី​២៥​មីនា​។​ក្នុង​៩៦​ករណីនេះ​មាន​ស្រី​២៥​នាក់​និង និង​ប្រុស​៧១​នាក់​។​

​អ្នក​ដែល​វិជ្ជមាន​វីរុស​កូ​វីដ​១៩​មានៈ​ជនជាតិខ្មែរ​៣៨​នាក់ បារាំង​៣៦​នាក់ ម៉ាឡេស៊ី​១២​នាក់ អង់គ្លេស​ប្រាំ​នាក់ អាមេរិក​ពីរ​នាក់ ប៊ែ​ល​ហ្ស៊ិ​កមួយ​នាក់ កាណាដា​មួយ​នាក និង​ចិន មួយ​។​
​ ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ក៏បាន​បញ្ជាក់ថា​កម្ពុជា ពុំទាន់​រកឃើញ​ភ័ស្តុតាង​បញ្ជាក់ថា​មានការ​ឆ្លង​ក្នុង​សហគមន៍​នៅឡើយ​ទេ តែ​លទ្ធភាព​នឹង​អាច​កើតមានឡើង​៕