ដំណើរទស្សនកិច្ចរបស់សមាជិកសភាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់នៅការដ្ឋានអភិរក្សចម្លាក់ថ្មរបស់អាជ្ញាធរជាតិអប្សរានាប្រាសាទអង្គរវត្ត


កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ គណៈប្រតិភូសភាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ចំនួន៥រូបមាន លោកស្រី Dagmar Wöhrl, លោក Jürgen Klimke, លោក Waldemar Westermayer, លោក Sascha Raabe និងលោក Stefan Rebmann អមដំណើរដោយលោក Thomas Waldraff ប្រធានអង្គការ GIZ ប្រចាំនៅកម្ពុជា និងមន្ត្រីមួយចំនួនមកពីស្ថានទូតនៃសាធារណរដ្ឋសហព័ន្ធអាលឺ្លម៉ង់ បានបំពេញទស្សនកិច្ចផ្លូវការនៅប្រាសាទអង្គរវត្ត។
គោលបំណងនៃទស្សនកិច្ចផ្លូវការនេះដើម្បីទស្សនានិងស្វែងយល់អំពីកិច្ចការអភិរក្ស ការជួសជុលប្រាសាទ និងចម្លាក់ថ្មរបស់អាជ្ញាធរជាតិអប្សរា ជាពិសេសកិច្ចការអភិរក្សចម្លាក់ថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ អនុវត្តដោយអ្នកជំនាញខ្មែរដែលបានទទួលការបណ្តុះបណ្តាលអស់រយៈពេលជាង២ឆ្នាំ ក្រោមជំនួយរួមគ្នារបស់អង្គការ GIZ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងអាជ្ញាធរជាតិអប្សរា។
ក្នុងដំណើរទស្សនកិច្ចនេះ លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្ត្រីជំនាញអភិរក្សថ្ម និងអ្នកសម្របសម្រួលបច្ចេកទេសអភិរក្សរបស់អង្គការ GIZ លោក Sebastian Kerridge និងកញ្ញា Federica Grifi បានទទួលជួបគណៈប្រតិភូ និងពន្យល់អំពីគម្រោងដំណើរការជួសជុលចម្លាក់តោថ្មនៅប្រាសាទអង្គរវត្ត និងបច្ចេកទេសអភិរក្សថ្មទូទៅនៅតំបន់អង្គរ។
លោកស្រី Dagmar Wöhrl ប្រធានដឹកនាំគណៈប្រតិភូសភាអាល្លឺម៉ង់បានមានប្រសាសន៍ថា៖ គណៈប្រតិភូសភាអាល្លឺម៉ងបានមានចំណាប់អារម្មណ៍យ៉ាងខ្លាំងអំពីកិច្ចការអភិរក្សប្រាសាទដែលធ្វើឡើងដោយអ្នកជំនាញខ្មែរផ្ទាល់ ហើយសន្យាថារដ្ឋាភិបាលអាល្លឺម៉ង់នៅតែបន្តគាំទ្រកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈអង្គការ GIZ ក្នុងការបណ្តុះបណ្តាលអ្នកជំនាញខ្មែរបន្ថែមលើវិស័យអភិរក្ស និងជួសជុលប្រាសាទ នៅតំបន់អង្គរ។
សូមរំឭកថាអង្គការ GIZបាននិងកំពុងបន្តជួយបណ្តុះបណ្តាលអ្នកជំនាញខ្មែរលើវិស័យអភិរក្សថ្មក្នុងក្របខណ្ឌសហប្រតិបត្តិការអន្តរជាតិ និងជំនួយរួមគ្នាជាមួយអាជ្ញាធរជាតិអប្សរា ដែលគម្រោងនេះបន្តរហូតដល់ឆ្នាំ២០២០។