ក្រសួងពាណិជ្ជកម្ម ប្រកាសចាត់ការតាមច្បាប់ ចំពោះអ្នកបន្តដំឡើងថ្លៃម៉ាស និងសម្ភារការពារជំងឺកូវីដ១៩


ក្រសួងពាណិជ្ជកម្ម បានប្រកាសថា នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ចំពោះអ្នកលក់ទាំងឡាយ ដែលនៅតែបន្តដំឡើងថ្លៃម៉ាស និងសម្ភារការពារ និងទប់ស្កាត់ជំងឺកូវីដ១៩។

ការប្រកាសរបស់ក្រសួងបានធ្វើឡើងតាមរយៈសេចក្តីណែនាំមួយដែលចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។ ក្នុងសេចក្តីណែនាំនេះ ក្រសួងបានកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានអាជីវករ ពាណិជ្ជករ ក្រុមហ៊ុន សហគ្រាស និងបុគ្គល ដែលធ្វើអាជីវកម្ម និងផ្តល់សេវាកម្មពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កំពុងឃោសនាអកុសល និងលក់ដំឡើងថ្លៃនូវផលិផលម៉ាស ទឹកសាប៊ូលាងដៃ អាល់កុលសម្លាប់មេរោគ និងឧបករណ៍វាស់កំដៅ តាមប្រព័ន្ធអេឡិចត្រូនិក ក្នុងតម្លៃខ្ពស់ហួសហេតុ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងបំពានដល់ច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។

ក្រសួងពាណិជ្ជកម្ម បានអំពាវនាវ និងទទូចស្នើសុំឱ្យអាជីវករ ពាណិជ្ជករ ក្រុមហ៊ុន សហគ្រាស និងបុគ្គល ដែលធ្វើអាជីវកម្ម និងផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកទាំងអស់ មេត្តាលក់ផលិតផល សម្ភារៈឧបរណ៍សម្រាប់ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ ដូចជា ម៉ាស ទឹកសាប៊ូលាងដែ អាល់កុលសម្លាប់មេរោគ និងឧបករណ៍វាស់កំដៅជាដើម ក្នុងតម្លៃសមរម្យដែលអាចទទួលយកបាន និងហាមជាដាច់ខាតការឃោសនាអកុសល ដើម្បីដំឡើងថ្លៃផលិតផល។

ក្រសួងបានព្រមានថា ក្នុងករណីដែលក្រសួងនៅតែពិនិត្យឃើញថា អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន-សហគ្រាស និងបុគ្គលដែលធ្វើអាជីវកម្ម និងផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅតែឆ្លៀតឱកាសដំឡើងថ្លៃទំនិញ ក្នុងកំលុងពេលប្រទេសកម្ពុជាកំពុងជួបប្រទះជំងឺរាតត្បាតជាសកល (កូវីដ-១៩) នេះ ក្រសួងពាណិជ្ជកម្ម នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕