(តាកែវ)៖ នៅក្នុងឱកាសចុះជួបសំណេះសំណាលនឹងសាកសួរពីស្ថានភាពរបស់ប្រជាពលរដ្ឋ ដែលទើបតែ វិលត្រលប់មកពីក្រៅប្រទេសទៅដល់ខ្នងផ្ទះផ្ទាល់ នាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០ នៅក្នុងមូលដ្ឋានស្រុកសំរោង ខេត្តតាកែវ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តបានមានប្រសាសន៍ថា ដើម្បីចូលរួម ទប់ស្កាត់ពីការរីករាលដាលកុំឲ្យជម្ងឺកូវីត១៩នេះ កើនឡើងកាន់តែខ្លាំង មានតែបងប្អូនប្រជាពលរដ្ឋម្នាក់ៗទេ ដែលជាអ្នកចូលរួមទប់ស្កាត់កុំឲ្យកើនដោយត្រូវមានទម្លាប់មានអនាម័យជាប់ជាប្រចាំ ពិសេសកុំចេញទៅណាមកណាក្រៅតែពីក្នុងផ្ទះរបស់យើង ប្រសិនបើមិនមានការចាំបាច់អ្វីនោះទេ ។
ឯកឧត្តមអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ទៀតថា ស្ថិតក្នុងស្ថានភាពបែបនេះ ប្រទេសស្ទើរតែពេញពិភពបានកំពុងតែឆ្លងនូវជម្ងឺកូវីត១៩នេះ ហើយកម្ពុជារបស់យើងក៏កើតមានករណីឆ្លងកូវីត១៩នេះដែរ ដែលបញ្ហានេះ វាទាមទារឲ្យយើងទាំងអស់គ្នា រួបរួមគ្នាប្រយុទ្ធប្រឆាំងជម្ងឺផ្លូវដង្ហើមដ៏សាចសាហាវមួយនេះ ហើយក្នុងនោះបងប្អូនគួរតែបង្កើនការយកចិត្តទុកដាក់ថែទាំ សុខភាពរបស់ខ្លួនឲ្យបានល្អ ទម្លាប់មានអនាម័យ ដោយពាក់ម៉ាស់ឬក្រមា មានអាគុលឬសាប៊ូលាងដៃ ជាប់ជាប្រចាំ ហើយប្រសិនបើបងប្អូនប្រជាពលរដ្ឋមានទម្លាប់នឹងយល់ដឹងអំពីរបៀបនៃការការពារខ្លួន នោះយើងនឹងងាយឆ្លងជម្ងឺកូវីត១៩នេះឡើយ ។
អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំក៏ដូចជាអប់រំ ទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលទើបតែវិលត្រលប់មកពីក្រៅប្រទេស សូមទម្លាប់មានអនាម័យដោយត្រូវសម្អាតខ្លួន ពិសេសត្រូវនៅដាច់ដោយ ឡែកពីក្រុមគ្រួសាររយៈពេល១៤ថ្ងៃសិន មុននឹងសិទ្ធស្នាលជាមួយនឹងក្រុមគ្រួសារ ។
ឯកឧត្តមអភិបាលខេត្តតាកែវ បានជម្រាបដល់បងប្អូនប្រជាពលរដ្ឋកុំជឿទៅតាមការបង្ហោះនៅក្នុងបណ្តាញសង្គម ឬសារជាសម្លេងនៅក្នុងឆាតអំពីការការពារខ្លួនពីជម្ងឺកូវីត១៩ដោយឲ្យ ហូបពងមាន់ឬដុសធ្មេញនឹងទឹកអំបិលជាដើម ព្រោះការណែនាំនេះវាមិនមានការបញ្ជាក់ពីក្រសួងសុខភាពនោះទេ សូមអនុវត្តទៅតាមតែការនែណំរបស់ក្រសួងសុខាភិបាល ទើបយើងអាចជៀសផុតពីជម្ងឺកូវីត១៩នេះបាន ៕