ស្ពានបេតុងពីរកន្លែងក្នុងស្រុកកំពង់សៀមខេត្តកំពង់ចាម


(កំពង់ចាម)៖ ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងមន្ត្រីរួមដំណើរ ដោយមានការចូលរួមពីលោកប្រធានមន្ទីរអភិវឌ្ឍជនបទខេត្ត និងលោកអភិបាលស្រុកកំពង់សៀម បានអញ្ជើញចុះពិនិត្យស្ពានបេតុងពីរកន្លែងក្នុងស្រុកកំពង់សៀមខេត្តកំពង់ចាម។

បើតាមការបញ្ជាក់របស់លោក អុឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តកំពង់ចាម បានអោយដឹងថាៈស្ពានកៀនជ្រៃ ពីមុនជាស្ពានបេតុងកសាងឡើងដោយក្រសួងអភិវឌ្ឍជនបទ ក្នុងអំឡុងឆ្នាំ២០០១។ ក្រោយមកនៅរដូវទឹកឡើងខែវស្សា(ទឹកជំនន់)ឆ្នាំ២០១៩ កន្លងទៅ មានការបាក់ស្រុតច្រាំង និងស្រុតសសរស្ពាន ដោយសារទឹកជំនន់មិនអាចធ្វើចរាចរបាន ទើបឯកឧត្តមអភិបាលខេត្តបានអន្តរាគមន៍ស្នើសុំទៅករសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមរយះក្រសួងអភិវឌ្ឍជនបទ ដើម្បីសាងសង់ស្ពាននេះឡើងវិញ។ ដោយមើលឃើញការចាំបាច់ និងបន្ទាន់ទើបក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានទំលាក់កញ្ចប់ថវិកាតាមរយះក្រសួងអភិវឌ្ឍជនបទ ដើម្បីយកទៅសាងសង់ស្ពានថ្មី ក្នុងនោះដែរកងវិស្វកម្មក្រសួងការពារជាតិជាអ្នកទទួលការ ហើយបានចាប់ផ្តើមកសាងជាស្ពានបេតុងថ្មីដែលមាន ទទឹង១០ម៉ែត្រ និងបណ្តោយ ៩០ម៉ែត្រ រហូតមកទល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០ ស្ពាននេះបានកសាងរួចរាល់ ដោយគ្រោងដាក់អោយដំណើរការឆ្លងកាត់នៅមុនចូលឆ្នាំខ្មែរខាងមុខ។ក្នុងការចុះពិនិត្យស្ពានកៀនជ្រៃថ្មីនេះ ឯកឧត្តម អភិបាលខេត្តបានផ្តល់ថវិកា ២លានរៀន ជូន មេការសាងសង់ស្ពានសម្រាប់ផ្គត់ផ្គង់អាហារហូបចុកជាមួយសមាជិករបស់ខ្លួន ជាង៤០រូប។

ដោយឡែក ចំពោះស្ពានហាន់ជយ័ នៅជើងភ្នំហាន់ជយ័ ក៏ជាស្ពានដែកបាទ្បេមួយដែលមានសភាពចាស់ទ្រុឌទ្រោម មិនអាចដំណើរការដឹកទំនិញឆ្លងកាត់បាន ហើយដោយសារទឹកជំនន់ ហូរបាក់ច្រាំង និងស្រុតជើងស្ពាន ពេលរដូវទឹកចាប់ផ្តើមស្រក់វិញយ៉ាងគំហ៊ុក និងចរាចរចង្អៀតផងនោះ។ ទើបនាចុងឆ្នាំ២០១៩កន្លងមក មានការស្នើសុំថវិកាទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមរយះក្រសួងអភិវឌ្ឍជនបទ លើកគំរោងសាងសង់ស្ពានបេតុងថ្មីដោយមានទទឹងធំជាងមុនអាចធ្វើចរាចរទៅមកបាន អែបនិងស្ពានបាទ្បែចាស់។ គម្រោងសាងសង់នេះដែរគឺអនុវត្តដោយនាយកដ្ឋានផ្លូវលំ និងបានចាប់ផ្តើសាងសង់នាថ្ងៃទី១៥ខែមេសា ឆ្នាំ២០១៩ ដែលបច្ចុប្បន្ន សម្រេចបានជាង៦០% ភាគរយហើយ ។ ស្ពាននេះជាស្ពានបេតុង មានទទឹង ១០ ម៉ែត្រ និងបណ្តោយ ១២៦ម៉ែត្រ ដែលគ្រោងនឹងសម្រេចរួចរាល់ នៅមុនដំណាច់ខែមិថុនាខាងមុខ គឺនៅមុនទឹកឡើងរដូវវស្សាឆ្នាំ២០២០នេះ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមអភិបាលខេត្ត រួមទាំងសហការី បានអញ្ជើញចូលជួបថ្វាយបង្គំ សួរសុខទុក្ខ ព្រះអង្គមេគណខេត្ត និងជាចៅអធិការនៅវត្តហាន់ជយ័ ដែលទើបនិមន្តមកពីមន្ទីរពេទ្យវះកាត់ជំងឺ ក្លន និងបានមកសម្រាកព្យាបាលនៅកុដព្រះអង្គផ្ទាល់ អស់រយៈពេលជាងមួយខែមកហើយ ដោយមានសុខភាពល្អធម្មតា។ ជាមួយនោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមអភិបាលខេត្ត បានប្រកេន ថវិកា ២លានរៀល ដល់ព្រះអង្គមេគណដើម្បីបន្តថែទាំសុខភាព។

បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត រួមជាមួយលោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានបន្តចុះមក អតីតសណ្ឋាគារមេគង្គ ដែលជាកន្លែងស្នាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ របស់បុគ្គលិក ទាំង២៤នាក់ របស់កប៉ាល់ ក្រុមហ៊ុនវៀតណាម Viking Cruise Journey ដើម្បីចូលរួមជាមួយ ឯកឧត្តម ចាយ សាមិត្ត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និង លោកប្រធានមន្ទីរបរិស្ថានខេត្ត ដោយមានអ្នកបច្ចេកទេស យកម៉ាស៊ីនវាស់គុណភាពខ្យល់ មកតាមដានខ្យល់បរិយាកាស ក្នុងបរិវេណកន្លែងស្នាក់នៅ ដើម្បីបន្តរកវិធីបន្សុតខ្យល់ បើករណីខ្យល់ពុំមានគុណភាពគ្រប់គ្រាន់ទេនោះ៕