ព្រះរាជអាជ្ញានៃអមសាលាដំបូងខេត្តមណ្ឌលគិរី បានណែនាំដល់អាជីវករ ដែលដាក់តាំងលក់សម្ភារប្រើប្រាស់ កុំឱ្យមានការតម្លើងថ្លៃខ្ពស់ពេក ជាពិសេស មិនឱ្យលក់ឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ១៩


ខេត្តមណ្ឌលគិរី៖ កម្លាំងចម្រុះរបស់អាជ្ញាធរខេត្តមណ្ឌលគិរី ក្រោមការបញ្ជាផ្ទាល់ពីលោក ហៀង សុភ័ក្រ ព្រះរាជអាជ្ញានៃអមសាលាដំបូងខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានចុះពិនិត្យការតាំងលក់ ជែលសម្អាតដៃ ទឹកអាល់កុល ដែលដាក់តាំងលក់នៅក្រុងសែនមនោរម្យ និងអប់រំហាមឃាត់អាជីវករមិនឱ្យលក់ឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ១៩ ប្រតិបត្តិការនេះ ដឹកនាំដោយព្រះរាជអាជ្ញារងនៃអមសាលាដំបូងខេត្តចំនួន០២រូប។

លោក ហៀង សុភ័ក្រ មានប្រសាសន៍ថា ដោយអនុវត្តន៍តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដែលបានដាក់បទបញ្ជាឲ្យគ្រប់កម្លាំងជំនាញត្រូវយកចិត្តទុកដាក់ ចូលរួមទប់ស្កាត់បង្ការការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេស ជនឱកាសនិយម ដែលលក់ផលិតផលក្លែងក្លាយ តេស្ត និងសម្ភារប្រើប្រាស់ពាក់ព័ន្ធនឹងប្រឆាំងវីដកូវីដ១៩ ដែលធ្វើឱ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់ប៉ះពាល់សុខភាព ត្រូវបង្ក្រាបចាត់វិធានការតាមច្បាប់ឱ្យបានតឹងរ៉ឹងបំផុត។

លោកព្រះរាជអាជ្ញា បន្តថា សកម្មភាពរបស់ក្រុមការងារនាពេលនេះ ផ្ដោតសំខាន់ទៅលើតម្លៃម៉ាស់ ជែលសម្អាតដៃ សាប៊ូ អាល់កុល និងប្រភពនាំចូល ចំណែកលទ្ធផលពិនិត្យ គឺឃើញថាល្អប្រសើរ មិនមានទំនិញហាមឃាត់នោះទេ។ ហើយមន្ត្រីជំនាញ ក៏បានណែនាំអាជីវករឱ្យនាំយកទំនិញដែលមានប្រភពច្បាស់លាស់មកលក់ ជាពិសេស គឺអាល់កុល ព្រោះថាប្រសិនមុខទំនិញគ្មានប្រភពពិតប្រាកដ អាចជាទំនិញក្លែងបន្លំរបស់ក្រុមឆ្លៀតឱកាស និងធ្វើឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ហើយក្នុងករណីបែបនេះដែរ អាជីវករជាអ្នកលក់ផលិតផលទាំងនេះជាអ្នកប្រឈមជាមួយផ្លូវច្បាប់។

លោក លឹម ស្រេង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី បានឱ្យដឹងដែរថា ក្នុងការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញ បានជូនសេចក្ដីអំពាវនាវរបស់ក្រសួងពាណិជ្ជកម្មស្ដីពីការរក្សាតម្លៃទំនិញលើទីផ្សារជូនអាជីវករគ្រប់រូប និងស្នើឱ្យអាជីវករ ដែលតាំងលក់អាល់កុល សាប៊ូ ជែល ម៉ាស់ ត្រូវសរសេរតម្លៃបិទភ្ជាប់ជាមួយមុខទំនិញគ្រប់មុខក្នុងតម្លៃសមរម្យទូទៅ ចៀសវាងការកេងចំណេញហួសហេតុ ក្នុងករណីដែលអាជីវករតម្លើងថ្លៃខ្ពស់ខុសពីការជូនដំណឹងជំនាញពាក់ព័ន្ធ និងសហការចាត់វិធានការផ្លូវច្បាប់។ លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បញ្ជាក់ថា ក្រៅពីការពិនិត្យមុខទំនិញ ប៉ុន្មានមុខខាងលើនេះ មន្រ្តីជំនាញ ក៏ផ្តោតសំខាន់ទៅលើឧបករណ៍ពិនិត្យជម្ងឺកូវីដ១៩ គឺហាមដាច់ខាតមិនឱ្យមានការនាំចូល និង ដាក់លក់ផងដែរ៕