ឯកឧត្តម ម៉ៅ ធនិន ប្រើប្រាស់តួនាទីជាសមាជិកក្រុមគ្រួសារបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ បន្តទទួលសម្របសម្រួល ដោះស្រាយបញ្ហាប្រឈមជូនបងប្អូនពុកម៉ែយើងបានជិត៣០ករណីផ្សេងគ្នា នៅវេទិកាក្នុងសាលាខេត្ត


(ពោធិ៍សាត់)៖ បើទោះបីជាបញ្ហាជំងឺរាតត្បាតកូវីដ១៩ (Covid-19) កំពុងតែផ្ទុះឡើងទូទាំងសកលលោកក៏ពិតមែន ចំពោះខេត្តពោធិ៍សាត់ពិតជាមានភ័ព្វសំណាងណាស់ ដែលបច្ចុប្បន្ននៅពុំទាន់មានករណីនេះនៅឡើយទេ។ ជាក់ស្តែងនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានប្រើប្រាស់តួនាទីជាសមាជិកក្រុមគ្រួសារបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត បន្តទទួលសម្របសម្រួល ដោះស្រាយបញ្ហាប្រឈមជូនបងប្អូនពុកម៉ែយើង បានជិត៣០ករណីផ្សេងគ្នា នៅវេទិកាក្នុងសាលាខេត្ត។

ដែលការទទួលដោះស្រាយបញ្ហាប្រឈមនេះ ត្រូវបានរៀបចំឱ្យនៅដាច់គំលាតពីគ្នា និងរក្សាអនាម័យខ្ពស់ ដោយលាងដៃនឹងជែល ព្រមទាំងបាញ់អាកុលសម្លាប់មេរោគផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានអំពាវនាវ និងធ្វើការផ្សព្វផ្សាយពីវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ (Covicd-19) ដោយឱ្យបងប្អូនប្រជាពលរដ្ឋ បន្តការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារខ្លួនពីជំងឺនេះ ឬជំងឺឆ្លងផ្សេងៗ ព្រមទាំងថែរក្សាសុខភាព និងអនាម័យឱ្យបានជាប់ជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល បើមានករណីសង្ស័យ ឬមានរោគសញ្ញាណាមួយស្រដៀងនឹងជំងឺ COVID-19 ត្រូវទៅមណ្ឌលសុខភាពពិនិត្យ និងព្យាបាលជាបន្ទាន់ ឬទូរស័ព្ទទៅកាន់លេខ ១១៥៕