តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅរសៀលថ្ងៃចន្ទ ៧ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញទទួលអំណោយ មី ២០០កេស និងថវិកា ២០០០ដុល្លារ ពី លោក លោក ជីប ភក្ដីភាព ប្រធានសភាពាណិជ្ជកម្មខេត្តតាកែវ រួមជាមួយសមាជិក សមាជិកទាំងអស់ ដែលបានឧបត្ថម្ភដល់ រដ្ឋបាលខេត្តតាកែវ ដើម្បីចូលរួមចលនាយុទ្ធនាការ អប់រំ ផ្សព្វផ្សាយ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតជាសកល។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានថ្លែងអំណរគុណ ដល់ លោកប្រធានសភាពាណិជ្ជកម្មខេត្ត រួមជាមួយសហការីទាំងអស់ ដែលបានចូលរួមបរិច្ឆាកសម្ភារៈ និងធនធាន សម្រាប់ចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត ក្នុងការប្រយុទ្ធប្រឆាំង ជំងឺ កូវីដ១៩ ដែលកំពុងរាតត្បាតពាសពេញសកលលោកយើងនេះ។
ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រាបជូនផងដែរ ក្នុងរយះពេលកន្លងមក រដ្ឋបាលខេត្តតាកែវ ក៏ដូចជាអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ បាននឹងកំពុងធ្វើសកម្មយ៉ាង ផុសផុលក្នុងការផ្សព្វផ្សាយ អប់រំ វិធានការទប់ស្កាត់ និងបង្ការពីជំងឺកូវីដ១៩នេះ ជាពិសេសអាជ្ញាធរកំពុងធ្វើសកម្មភាពចុះអប់រំផ្សព្វផ្សាយ ដល់ពលរដ្ឋដែលទើបតែត្រលប់មកពីក្រៅប្រទេសវិញ ត្រូវធ្វើការដាក់ខ្លួនឯង ដាច់ដោយឡែករយះពេល ១៤ថ្ងៃសិន ចាំចូលស្និតស្នាលជាក្រុមគ្រួសារ ឬសាច់ញាតិ ជាពិសេសត្រូវធ្វើអនាម័យខ្លួនឯងដោយលាងដៃជាមួយ សាប៊ូ និងអាល់កុល ឲ្យបានញឹកញាប់បំផុតតាមដែលអាចធ្វើទៅបាន ៕