សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យពង្រឹងវិស័យកសិកម្ម ដើម្បីឆ្លើយតបផលប៉ះពាល់សេដ្ឋកិច្ចមកពីកូវីដ១៩


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យពង្រឹងលើវិស័យកសិកម្ម ដើម្បីឆ្លើយតបនឹងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចបណ្តាលមកពីជំងឺកូវីដ១៩ ដែលអាចអូសបន្លាយរយៈពេលយូរនោះ។

ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ។ ក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នូវវិធានការជាច្រើន ដើម្បីដោះស្រាយបញ្ហាទាំងឡាយដែលកំពុងកើតមាន និងអាចកើតមាន បណ្តាលមកពីជំងឺកូវីដ១៩។

ក្នុងចំណោមវិធានទាំងឡាយដែលបានលើកឡើងនោះ សម្តេចតេជោ បានផ្តល់អនុសាសន៍ឱ្យត្រៀមទុកនូវវិធានការសេដ្ឋកិច្ច ដែលអាចរងផលប៉ះពាល់រយៈពេលយូរដោយសារតែជំងឺកូវីដ១៩នេះ។ សម្តេចតេជោ បានណែនាំឱ្យពង្រឹងវិស័យកសិកម្មដែលជាចំណុចខ្លាំងរបស់កម្ពុជា។

សម្តេចតេជោ ក៏បានណែនាំឱ្យត្រៀមទំនិញស្បៀងចាំបាច់សម្រាប់ប្រជាជនកម្ពុជា ដូចជា អង្ករ និងអំបិលជាដើម។

សូមបញ្ជាក់ថា ដើម្បីត្រៀមស្បៀងអាហារទុកសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុកនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យផ្អាកជាបណ្តោះអាសន្ននូវការនាំចេញស្រូវ និងអង្ករសទៅក្រៅប្រទេសផងដែរ៕