សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីដែលចប់អណត្តិនៅកម្ពុជា


នៅវិមានសន្តិភាព រសៀលថ្ងៃចន្ទ ៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ឌីមីទ្រី ធ្វីតកូស(Dmitry Tsvetkov)ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីដែលក្នុងអាកាសដែលឯកឧត្តមត្រូវបញ្ចប់បេសកកម្មកាទូតនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឌីមីទ្រី ធ្វីតកូស បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ និងថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាផងដែរដោយ ឯកឧត្តមបានមកបំពេញបេសកកម្មការទូតរយៈពេល ៦ឆ្នាំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបានការគាំទ្រ និងជួយជ្រោមជ្រែងយ៉ាងខ្លាំងពីសម្ដេចតេជោ ក៏ដូចជាមន្ត្រីថ្នាក់ដឹកនាំទាំងអស់របស់រាជាណាចក្រកម្ពុជា ដែលការគាំទ្រនេះធ្វើឲ្យឯកឧត្តមបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ក្នុងបេសកកម្មកាទូត។ ក្នុងរយៈពេល ៦ ឆ្នាំនេះ កម្ពុជា និងរុស្ស៊ី បានចុះហត្ថលេខាលើឯកសារចំនួន ៥២ ហើយក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ១៤ ផងដែរ។ ជាមួយនេះ ឯកឧត្តមក៏បានរៀបចំឲ្យមានឱកាសដំណើរទស្សនកិច្ចរបស់ឯកឧត្ដម នាយករដ្ឋមន្ត្រីរុស្ស៊ី មកកាន់កម្ពុជា ក៏ដូចជាដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្ដេចតេជោទៅកាន់ប្រទេសរុស្ស៊ីផងដែរ។ ជាងនេះទៀតឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចតេជោថានៅក្នុងដំណាក់កាលខាងមុខនេះ រុស្ស៊ី នឹងផ្ដល់ជំនួយដល់កម្ពុជាជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ហើយនឹងជួយគាំទ្រដល់កម្ពុជាដើម្បីឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោផងដែរថា រុស្ស៊ីកំពុងតែត្រៀមរៀបចំបញ្ជូនម៉ាស មកផ្ដល់ជូនកម្ពុជា ដើម្បីជាការចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងជំងឺ COVID-19 ផងដែរ ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឌីមីទ្រី ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញបេសកកម្មកាទូតនៅកម្ពុជា។ទន្ទឹមនឹងនេះ សម្ដេចមានប្រសាសន៍ថា ឯកឧត្តមឌីមីទ្រី គឺជាឯកអគ្គរដ្ឋទូតមួយដែលបានស្ដារឡើងវិញនូវទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ីដែលមានវ័យចំណាស់មកហើយមកកាន់ដំណាក់កាលថ្មី។ លើពីនោះទៅទៀតឯកឧត្តមក៏បានរៀបចំឱ្យមានដំណើរទស្សនកិច្ចជាផ្លូវការ ហើយជាប្រវត្តិសាស្ត្ររបស់នាយករដ្ឋមន្ត្រីរុស្ស៊ី និងដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្ដេចតេជោទៅកាន់ប្រទេសរុស្ស៊ីផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាពលរដ្ឋរុស្ស៊ីដែលតែងតែជួយកម្ពុជាកន្លងមកហើយបន្តជួយដល់កម្ពុជាតទៀតលើបញ្ហាពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយក៏ដូចជាការរៀបចំផ្ដល់ថ្នាំពេទ្យដល់កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។ សម្ដេចតេជោ បានមានប្រសាសន៍ផងដែរថា ជាការពិតយើងមានទំនាក់ទំនងរយៈពេលយូរឆ្នាំមកហើយ។ យ៉ាងណាក៏ដោយទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរនៅតូចនៅឡើយ ដូច្នេះគប្បីណាយើងជំរុញពិនិត្យមើលសក្តានុពលទាំងឡាយណាដែលអាចជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យបានកាន់តែធំធាត់ឡើងថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានថ្លែងនូវអំណរគុណចំពោះឯកឧត្តមឌីមីទ្រីវនិងជូនពរឲ្យឧត្តមបានទទួលជោគជ័យជាបន្តបន្ទាប់ទៀតនៅក្នុងបេសកកម្មកាទូតថ្មីៗរបស់ឯកឧត្តមនាពេលខាងមុខ៕