រដ្ឋបាលខេត្តកំពតប្រជុំត្រៀម ការងារគ្រប់គ្រងពលរដ្ឋខ្មែរដែលត្រឡប់ពីប្រទេសថៃដើម្បី ចាត់វិធានការបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩


ក្នុងស្ថានភាពជំងឺមេរោគកូវីដ១៩ បាននឹងកំពុងឆ្លងរីករាលដាលជាសកលក្នុងពិភពលោក ហើយបញ្ហានេះក៏ជាបន្ទុកលំបាកដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរួមគ្នា ដោះស្រាយនិងប្រយុទ្ធបង្ការទប់ស្កាត់ជម្ងឺកាចសាហាវនេះឲ្យមានប្រសិទ្ធភាព។

នៅរសៀលថ្ងៃទី០១ ខែមេសាឆ្នាំ ២០២០ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំ ក្រុមការងារខេត្ត ដើម្បីទទួលខុសត្រូវ និងដឹកនាំការងារទទួលប្រជាពលរដ្ឋខ្មែរ ដែលនឹងត្រូវវិលត្រឡប់ពីប្រទេសថៃវិញ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងមានសមាសភាពក្រុមការងារចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្ត អាជ្ញាធរក្រុង ស្រុក សរុបប្រមាណ ៣៨ រូប។

មានប្រសាសន៍ ណែនាំក្នុងកិច្ចប្រជុំ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីអនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ស្ដីពីវិធានការគ្រប់គ្រង ប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ ឲ្យប្រកបដោយសណ្ដាប់ធ្នាប់និងសុវត្ថិភាពល្អប្រសើរ។

រដ្ឋបាលខេត្តបានដាក់នូវវិធានការមួយចំនួន ក្នុងនោះ សូមឱ្យបណ្ដាថ្នាក់ដឹកនាំ មន្ទីរអង្គភាពអាជ្ញាធរ ក្រុង ស្រុក ដែលជាក្រុមការងារត្រូវតែ ចូលរួមយកចិត្តទុកដាក់សហការគ្នា ក្នុងការដឹកជញ្ជូនពលរដ្ឋខ្មែរទាំងអស់នោះដែលមកពីប្រទេសថៃ ដោយទទួលខុសត្រូវខ្ពស់ទាំងសុវត្ថិភាព សុខភាព ទ្រព្យសម្បត្តិ និងរក្សាឲ្យបាននូវសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក៏ដូចជាជីវភាពរស់នៅខ្វះខាតសម្រាប់ពលរដ្ឋទាំងអស់នោះពេលមកកាន់មូលដ្ឋានរៀងៗខ្លួន។

ឯកឧត្តមអភិបាលខេត្តក៏បាន ណែនាំផ្ដាំផ្ញើ ដល់អាជ្ញាធរ ក្រុងស្រុក ត្រូវតាមដាននិងគាំទ្រដល់អាជ្ញាធរឃុំ សង្កាត់ និងភូមិឲ្យមានកិច្ចសហការល្អជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យជាប្រចាំ ដើម្បីធានាថា ពលរដ្ឋខ្មែរ វិលត្រឡប់មកពីប្រទេសថៃ ឬប្រទេសផ្សេងទៀត ដោយអនុវត្តនូវវិធានការការពារខ្លួនឱ្យបាន តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានោះ ឯកឧត្តម ក៏បានផ្ដាំផ្ញើផងដែរ ដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់រហូតដល់ភូមិ ឱ្យមានកិច្ចសហការគ្នាបង្កើនសកម្មភាពបិទផ្សាយផ្ទាំងរូបភាព និងចាក់មេក្រូផ្សាយជាសំឡេងអប់រំរបស់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅមូលដ្ឋានរៀងៗខ្លួនពិសេសភូមិ ឃុំ សង្កាត់ ដែលមានបងប្អូនប្រជាពលរដ្ឋច្រើនទើបវិលត្រឡប់មកពីប្រទេសថៃ។

-សូមបញ្ជាក់ថា តាមរបាយការណ៍តួលេខស្ថិតិរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតក្នុងកិច្ចប្រជុំនេះ គិតត្រឹមថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២០ ប្រជាពលរដ្ឋដែលបានវិលត្រឡប់ពីក្រៅប្រទេសមករស់នៅក្នុងមូលដ្ឋាន នៃក្រុង ស្រុកទាំង៨ ក្នុងខេត្តកំពតសរុបមានចំនួន៧១៩នាក់ ក្នុងនោះស្រីមានចំនួន២៧៧នាក់ ។