ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញប្រកាសចូលកាន់តំណែងរដ្ឋមន្ដ្រីថ្មី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោក ជា វ៉ាន់ដេត ជំនួសលោក ត្រាំ អ៉ីវតឹក


(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញប្រកាសចូលកាន់តំណែងជាផ្លូវការ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ថ្មី ដោយលោក ជា វ៉ាន់ដេត ជំនួសលោក ត្រាំ អ៉ីវតឹក។

ពិធីនេះបានរៀបចំធ្វើឡើងនៅ ទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ឯកឧត្តម ជា វ៉ាន់ដេត ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីរដ្ឋសភា បានបោះឆ្នោតយល់ព្រម តាមសំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តម ត្រាំ អ៉ីវតឹក អតីតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស។

ឯកឧត្តម ជា វ៉ាន់ដេត កើតឆ្នាំ១៩៧១។ កាលពីឆ្នាំ២០១៧ លោកគឺជាតំណាងរាស្ត្រមណ្ឌលតាកែវ ជំនួសលោក សុខ អាន។ លោកក៏ជាប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក (គណៈកម្មការទី៣) នៃរដ្ឋសភា និងជាស្ថាបនិកសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ផងដែរ។

ថ្ងៃដំបូងនៃការចូលកាន់តំណែងជារដ្ឋមន្ត្រីថ្មី នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគន៍ ឯកឧត្តម ជា វ៉ាន់ដេត បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ លោក ជា វ៉ាន់ដេត បានបញ្ជាក់ថា «ដើម្បីចូលរួមជាមួយប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងកើតមានឡើងនៅកម្ពុជា ខ្ញុំស្ម័គ្រចិត្តចូលរួមបរិច្ឆាគជូននូវប្រាក់បៀវត្សរបស់ខ្ញុំបាទ ចាប់ពីខែដំបូងដល់ខែទី៦ ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩»