ព្រះមហាក្សត្រកោតសរសើរសម្តេចតេជោ ហ៊ុន សែន និងរដ្ឋសភាចំពោះកិច្ចប្រឹងប្រែងក្នុងកិច្ចការជាតិ


(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានសម្តែងទឹកព្រះទ័យវាយតម្លៃ និងកោតសរសើរខ្ពស់ចំពោះរដ្ឋសភា ដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន និងរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលបានប្រឹងប្រែងបំពេញកិច្ចការរបស់ជាតិ និងបម្រើប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

ការសម្តែងទឹកព្រះទ័យកោតសរសើររបស់ព្រះមហាក្សត្រខ្មែរចំពោះរដ្ឋសភា និងរាជរដ្ឋាភិបាល បានធ្វើឡើងតាមរយៈព្រះរាជសារក្នុងឱកាសបើកបវេសនកាលថ្មី នៃរដ្ឋសភានាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ។

ក្នុងព្រះរាជសារនេះ អង្គព្រះមហាក្សត្រខ្មែរ បានមានព្រះរាជបន្ទូលថា រដ្ឋសភា បានបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្មប្រកបដោយប្រសិទ្ធភាព ក្នុងនោះរួមមានការអនុវត្តតួនាទីការងារនីតិកម្ម ធ្វើជាតំណាងប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត និងការងារចុះពិនិត្យតាមដាននូវការអនុវត្តច្បាប់នានា នៅគ្រប់មជ្ឈដ្ឋានសុទ្ធតែបានបំពេញប្រកបដោយភាពជោគជ័យជាច្រើនគួរឱ្យកត់សម្គាល់។

ព្រះអង្គ បានកោតសរសើរ និងអរគុណចំពោះសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា និងតំណាងរាស្ត្រទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ក្នុងការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់នានា ដើម្បីឱ្យច្បាប់ទាំងនោះពង្រីកសក្តានុពល ប្រសិទ្ធភាពការងារឱ្យទូលំទូលាយនាយុគសម័យបច្ចុប្បន្ន។

ក្នុងព្រះរាជសារនេះព្រះមហាក្សត្រខ្មែរទ្រង់បានកត់សម្គាល់ផងដែរ ពីការប្រឹងប្រែងយ៉ាងសកម្មរបស់រដ្ឋសភា ក្នុងការចុះតាមដាននូវសុខទុក្ខ ទទួលយកនូវរាល់បញ្ហាកង្វល់ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ដែលពេលនេះកិច្ចគាំពារសន្តិសុខសង្គមកំពុងត្រូវបានលើកស្ទួយ ក្នុងន័យឱ្យប្រជាពលរដ្ឋទាំងមូលទទួលបាននូវអត្ថប្រយោជន៍។

តាមព្រះរាជសារដដែលនេះព្រះមហាក្សត្រ ក៏បានកើតសរសើរក្រៃលែងចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាំមកនូវសមិទ្ធផលដ៏ឧដុង្គឧត្តមសម្រាប់ជាតិមាតុភូមិ និងជម្នះបាននូវការលំបាកទាំងឡាយ។

ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលក្នុងព្រះរាជសារយ៉ាងដូច្នេះ «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមកោតសរសើរយ៉ាងក្រៃលែង ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាមគ្គុទេសក៍ដឹកនាំប្រទេសប្រកបដោយភាពឈ្លាសវៃ ប្រកាន់ខ្ជាប់នូវគោលការនយោបាយជាតិដ៏ត្រឹមត្រូវ ធានាបានឯករាជ្យ និងអធិបតេយ្យភាពជាតិ គឺជាអ្វីដែលជនរួមជាតិខ្មែរទាំងមូលប្រាថ្នាចង់បាន ដើម្បីរស់នៅប្រកបដោយភាពស្មើមុខស្មើមាត់ សុខដុមរមនា ស្ថិរភាព និងសន្តិភាពយូរអង្វែង។ សកម្មភាពមនុស្សធម៌ដ៏ធំធេង និងមិនរើសអើងពូជសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺជាកាយវិការដ៏ល្អប្រពៃបមផុត សម្រាប់ការគោរពពីជនរួមជាតិ និងពិភពលោកទាំងមូល»

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋសភាបើកបវេសនកាលថ្មីហើយ បន្ទាប់ពីបានសម្រាករយៈពេល៣ខែ។ ជាទម្លាប់រាល់ពេលបើកបវេសនាកាលថ្មីនៃរដ្ឋសភា ព្រះមហាក្សត្រខ្មែរ តែងតែផ្ញើព្រះរាជសាររបស់ព្រះអង្គដើម្បីស្វាគមន៍ចំពោះការបើកបវេសនកាលនេះ៕