កំពង់ឆ្នាំងៈនៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និង លោកជំទាវ ប៊ន សុភី អនុប្រធានព្រមទាំងសហការី និង អនុសាខាស្រុកទឹកផុស បានចុះផ្សព្វផ្សាយអំពីវិធានការណ៍បង្ការ និងកាត់បន្ថយហានិភ័យនៃជំងឺឆ្លងបង្កដោយកូរ៉ូណាវីរុសថ្មី និងផ្ដល់ជូនអាល់កុល សាប៊ូ និងខិតបណ្ណផ្សព្វផ្សាយអំពីការទប់ស្កាត់ និងការរីករាលដាលនៃជំងឺកូវីដ១៩ COVID-19 ដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។
ឯកឧត្តម អម សុភា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទ
ក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពល
រដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយអ្វីឡើយ។
ឯកឧត្តម អម សុភា ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវអនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីជៀសវាងពីជំងឺនានា ជាពិសេសជំងឺឆ្លងកូវីដ១៩ ដែលធ្វើមនុស្សជាតិនៅលើពិភពលោកព្រួយបារម្ភ ដោយអនុវត្តតាមវិធីងាយៗដូចខាងក្រោមៈ
១.លាងដៃនិងសាប៊ូទឹកស្អាតឬទឹកអាល់កុល អាល់កុលហ្សែល អោយបានញឹកញាប់
២.នៅពេលក្អក ឬកណ្តាស់ត្រូវខ្ទប់មាត់ និងច្រមុះដោយប្រើកែងដៃ ឬក្រដាស់អនាម័យ រួចបោះចោលក្នុងធុងសំរាមភ្លាម បន្ទាប់មកលាងដៃរបស់អ្នកជាមួយសាប៊ូនិងទឹកស្អាត។
៣.ជៀសវាងប៉ះពាល់ ភ្នែក ច្រមុះ ឬមាត់។
៤.កាត់បន្ថយការជួបជុំក្នុងសង្គម និងការចំណាយពេលវេលានៅកន្លែងប្រមូលផ្ដុំ
៥.ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ដូចជាគ្រុនក្ដៅ ក្អក កណ្ដាស់ ឬផ្ដាសាយ។
៦.សម្អាតនិងសម្លាប់មេរោគលើវត្ថុនិងលើផ្ទៃឲ្យបានញឹកញាប់។
៧.ចំពោះបងប្អូន ដែលទើបមកពីក្រៅប្រទេសទាំង៩ នាក់ ត្រូវនៅដាច់ដោយឡែកពីក្រុមគ្រួសាររយៈ១៤ថ្ងៃ រឺនៅឲ្យឆ្ងាយពីសាច់ញាតិចំនួន២ម៉ែត្រ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ១១៥ ដោយឥតគិតថ្លៃ៕