ទស្សនៈមិត្តអ្នកអាន៖ «វប្បធម៌នៃការចែករំលែកជួយគ្នាក្នុងគ្រាមានអាសន្ន គឺជាមោទនភាពជាតិខ្មែរ»


នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងលិខិតមួយច្បាប់ផ្ញើជូនរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីក្រសួងសុខាភិបាលអំពីការស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សរបស់លោកចំនួន៧ខែ ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០ ជូនទៅគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ-19។ នៅក្នុងលិខិតដដែលនោះ លោកបានសរសេរបន្ថែមថា ការសម្រេចចិត្តផ្តល់ប្រាក់បៀវត្សរបស់លោកនាពេលនេះគឺដោយសារស្ថានភាពនៃការវិវត្តរបស់ជំងឺកូវីដ-19 នៅក្នុងព្រះរាជាណាចក្រកម្ពុជានៅតែមិនទាន់បង្ហាញនូវសញ្ញានៃការថមថយណាមួយនៅឡើយនោះទេ។

កាយវិការលះបង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រីនាពេលនេះ គឺពិតជាគំរូវីរភាពដ៏ថ្លៃថ្លា ក្នុងស្មារតីស្រឡាញ់ជាតិ និងប្រជាជនពិតៗ។ គួររំលឹកថា នៅរាល់ពេលដែលប្រទេសជាតិជួបប្រទះនូវគ្រាលំបាកម្តងៗ លោក ហ៊ុន សែន តែងបានឈានមុខគេក្នុងការលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីស្វែងរកសេចក្តីសុខជូនប្រជាជនជានិច្ច។ ក្នុងនោះក៏មានការហ៊ានលះបង់នូវកម្លាំងកាយ កម្លាំងចិត្ត រហូតដល់អាយុជីវិតទៀតផង ដូចជាបុព្វហេតុដើម្បីរំដោះប្រទេស និងប្រជាជនឱ្យបានរស់រានមានជីវិតពី របបប្រល័យពូជសាសន៍ខ្មែរក្រហម ភាពក្លាហាននៃការអនុវត្តនយោបាយឈ្នះ-ឈ្នះ ក្នុងការហ៊ានចូលទៅក្នុងតំបន់សមាហរណកម្មខ្មែរក្រហមក្នុងឆ្នាំ១៩៩៨ ការជំនះបានដោយជោគជ័យនៃសេដ្ឋកិច្ចកម្ពុជានូវវិបត្តិហិរញ្ញវត្ថុសកលក្នុងឆ្នាំ២០០៩ និងភាពលេចធ្លោរនាពេលថ្មីៗកន្លងមកក្នុងដំណើរទស្សនកិច្ចទៅប្រទេសចិនដើម្បីរឹតចំណងសាមគ្គីភាព និងលើកទឹកចិត្តដល់មិត្តចិនក្នុងកាលៈទេសៈដែលប្រទេសនេះកំពុងជួបវិបត្តិកូវីដ-19 នេះជាដើម។

ទឹកចិត្តបរិច្ចាគរបស់លោកនាយករដ្ឋមន្ត្រី នៅក្នុងដំណាក់កាលដែលប្រទេសកម្ពុជា និងពិភពលោកកំពុងជួបវិបត្តិនៃជំងឺកូវីដ-19 មិនទាន់ឃើញមានសញ្ញាធូរស្រាល ហើយនិងស្ថានភាពនៃសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសកលលោកកំពុងធ្លាក់ដាំក្បាលចុះយ៉ាងគំហុកបែបនេះ បានឆ្លុះបញ្ចាំងពីវិធានការថ្មីបន្ថែមទៀត ក្រៅពីការចាត់វិធានការត្រៀមស្តុកបំរុងទុកនូវទំនិញយុទ្ធសាស្ត្រដូចជា អង្ករ និងអំបិល ជាដើម និងត្រៀមទំនិញយុទ្ធសាស្ត្រផ្នែកសុខាភិបាល ដូចជាម៉ាស ទឹកអាល់កុល សំលៀកបំពាក់ការពារសម្រាប់គ្រូពេទ្យ ។ល។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចាត់វិធានការត្រៀមបំរុងធនធានថវិកាជាតិផងដែរ។ ក្នុងន័យនេះ ដើម្បីកាត់បន្ថយការចំណាយហិរញ្ញវត្ថុសាធារណៈ និងដើម្បីចូលរួមសន្សំថវិកាជាតិ លោកនាយករដ្ឋមន្ត្រី បានស្មគ្រចិត្តផ្តល់បៀវត្សរបស់លោកចំនួន៧ខែ ដើម្បីផ្តល់ជូនគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ_19 នាពេលនេះ។

គេនៅចាំបានថាកន្លងមកមានសប្បុរសជនជាច្រើន ជាពិសេសព្រះមហាក្សត្រីយ៍ នរោត្តម មុនីនាថស៊ីហនុ និងព្រះមហាក្សត្រនៃយើង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានសព្វព្រះរាជហរទ័យ ព្រះរាជទាន ព្រះរាជទ្រព្យ ចំនួន៣០ម៉ឺនដុល្លារផងដែរ ហើយ មកដល់ពេលនេះថវិកាដែលទទួលបានពីសប្បុរសជនដោយស្ម័គ្រចិត្តនោះ មានជាង១០លានដុល្លារក៏ពិតមែន ប៉ុន្តែ ចំនួននោះនៅតែមិនទាន់គ្រប់គ្រាន់សំរាប់ការចំណាយនៅឡើយ។ ដូច្នេះហើយ ទើបលោកនាយករដ្ឋមន្ត្រី ស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀរវត្សន៍ចំនួន៧ខែ ដើម្បីចូលរួមការពារ ទប់ស្កាត់ ប្រយុទ្ធនឹងជំងឺកូវីដ_19 នេះថែមទៀត។

ម្យ៉ាងវិញទៀត ដោយហេតុថាប្រមុខនៃរាជរដ្ឋាភិបាល បានឈានមុខជាគំរូក្នុងការលះបង់ប្រាក់បៀវត្សរយៈពេល៧ខែរួចទៅហើយនោះ គេសង្កេតឃើញថា សមាជិកនៃរាជរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់ បានចូលរួមលះបង់បរិច្ចាគនូវប្រាក់បៀវត្សរបស់ខ្លួន ដើម្បីជាកិច្ចគាំទ្រដល់កាយវិការសប្បុរសធម៌ និងវប្បធម៌ចែករំលែករបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលដែលមានលោកនាយករដ្ឋមន្ត្រីបានឈានមុខគេផងដែរ។ ការលះបង់នាពេល នេះគឺជាកាយវិការលះបង់ដ៏ប្រពៃរ៍បំផុតនៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិយើងកំពុងជួបនូវគ្រោះមហន្តរាយនៃជំងឺឆ្លង ហើយវាក៏បានបង្ហាញនូវវប្បធម៌នៃការចែករំលែកក្នុងគ្រាមានអាសន្នផងដែរ។

ជារួមយើងទាំងអស់គ្នាសុទ្ធតែបានដឹងហើយថា ក្រៅពីបានសម្លាប់ជីវិតមនុស្សអស់រាប់ម៉ឺននាក់នៅជុំវិញពិភពលោកហើយនោះជំងឺកូវីដ_19 បានធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចកម្ពុជា និងសេដ្ឋកិច្ចពិភពលោកយ៉ាងដំណំផងដែរ។ ដូច្នេះ គឺមានតែជាតិខ្មែរយើងទាំងអស់គ្នាចេះរួបរួមសាមគ្គីគ្នារវាងប្រជាពលរដ្ឋគ្រប់រូបជាមួយប្រមុខរាជរដ្ឋាភិបាល សមាជិករាជរដ្ឋាភិបាល មន្រ្តីរាជការ និងកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទប៉ុណ្ណោះ ទើបយើងសង្ឃឹមថានឹងទទួលបានជោគជ័យក្នុងពេលឆាប់ៗ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ_19 នេះ ហើយ «វប្បធម៌នៃការចែករំលែកជួយគ្នាក្នុងគ្រាមានអាសន្នគឺជាមោទនៈភាពជាតិខ្មែរ» ៕