កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរក្រុង នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ បានផ្ដល់ជាអំណោយជូនសាលាសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម សម្រាប់ចែកជូនបន្តដល់បងប្អូនប្រជាពលរដ្ឋ ប្រមាណជា ៥៦៦គ្រួសារ ដែលរងការខូចខាត និងបងប្អូនពលករដែលទេីបតែត្រឡប់មកពីក្រៅប្រទេសវិញផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្តាំផ្ញេីដល់ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធ ដែលត្រូវយកអំណោយទៅចែកជូនដល់ខ្នងផ្ទះ បងប្អូនប្រជាពលរដ្ឋ គឺត្រូវយកចិតទុកដាក់ ក្នុងការផ្សព្វផ្សាយណែនាំអំពីវិធានការការពារទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ដេីម្បីរួមគ្នាទប់ស្កាត់ ការរីករាលដាល នៃជំងឺដ៏កាចសាហាវនេះ ជាពិសេសត្រូវផ្សព្វផ្សាយដល់បងប្អូនពលករ ដែលទើបតែត្រឡប់មកពីក្រៅប្រទេសវិញ ឲ្យពួកគាត់ស្វែងយល់អំពី ការដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដេីម្បីសុខសុវត្ថិភាពក្នុងគ្រួសារយើង ដល់សហគមន៍ និងសង្គមជាតិទាំងមូលផងដែរ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានលេីកឡើងដែរថា អំណោយដែលបានប្រគល់ជូននាពេលនេះ គឺជាការរួមចំណែកក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលជាការជួយរំលែកទុក្ខលំបាក ការខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករដែលទើបតែត្រឡប់មកពីក្រៅប្រទេសវិញ និងក្រុមការងារចុះបំពេញបេសសកម្ម ការពារទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណាផង ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបាន នឹងកំពុងយកចិត្តទុកដាក់ ក្នុងការអំពាវនាវ និងណែនាំ ដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដេីម្បីរួមគ្នាប្រយុទ្ធទប់ស្កាត់ការរីករាលដាល នៃវីរុសកូរ៉ូណា (កូវីដ១៩) ដែលជាជំងឺរាតត្បាតលេីសកលលោក។
គួរបញ្ជាក់ផងដែរថា អំណោយដែលត្រូវប្រគល់ជូននោះ ១-សង្កាត់សំបួរមាស មានចំនួន១៨១គ្រួសារ ២-សង្កាត់វាលវង់ មានចំនួន១៦២គ្រួសារ ៣-សង្កាត់កំពង់ចាម មានចំនួន១០២គ្រួសារ និង៤-សង្កាត់បឹងកុក មានចំនួន១២១គ្រួសារ។ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ ចំនួន២៥គីឡូក្រាម ត្រីខ១២កំប៉ុង ក្រម៉ា០១ និងសាប៊ូលាងដៃ០១ដប ផងដែរ ៕