ឯកឧត្តម ចាន់ តារា ចុះសួរសុខទុក្ខពលរដ្ឋ និងពលករមកពីក្រៅប្រទេសដើម្បីផ្សព្វផ្សាយពីវិធានការការពារដោយមិនទុកឱ្យប្រជាពលរដ្ឋភ័យខ្លាចនឹងជំងឺ Covid-19 នោះឡើយ


ព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ចាន់ តារា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដោយមានការអមដំណើរពីលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានចុះតាមដានពីសុខភាពរបស់ប្រជាពលរដ្ឋ និងអប់រំផ្សព្វផ្សាយពីវិធានការបង្ការការពារនានារបស់ក្រសួងសុខាភិបាលជូនដល់ប្រជាពលរដ្ឋក្នុងភូមិស្វាយម្សៅ ឃុំទ្រៀល ស្រុកតាំងគោក ដើម្បីរួមគ្នាការពារប្រជាពលរដ្ឋពីជំងឺCovid-19 និងចូលរួមក្នុងយុទ្ធនាការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកាចសាហាវមួយនេះផងដែរ។

ថ្វីដ្បិតមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយពីស្ថាប័នសាធារណៈ និងឯកជនមួយចំនួនយ៉ាងណាក្ដី ក៏ថ្នាក់ដឹកនាំខេត្ត ស្រុក បានបង្គាប់បញ្ជាទៅមន្ត្រីក្រោមឱវាទឱ្យចុះផ្សព្វផ្សាយ និងតាមដានពីសុភាពរបស់ប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ហ្មត់ចត់ ពិសេសលោកផ្ទាល់ក៏បានដឹកនាំមន្ត្រី កម្លាំងសមត្ថកិច្ច មន្ត្រីសុខាភិបាល ចុះទៅដល់ខ្នងផ្ទះពលរដ្ឋផ្ទាល់ ដើម្បីដឹង ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងប្រជាពលករចំណាក់ស្រុក ព្រមទាំងអប់រំផ្សព្វផ្សាយអំពីការការពារជំងឺកូរវីដ ១៩នេះ។នៅក្នុងស្ថានភាពនេះ ឯកឧត្តមអភិបាលរងខេត្តបានចុះសួរសុខទុក្ខ និងជួបជាមួយបងប្អូនតាមខ្នងផ្ទះដោយផ្ទាល់ ព្រោះលោកចង់ដឹង និងឃើញពីស្ថានភាពជីវភាពក៏ដូចជាសុខភាពប្រជាពលរដ្ឋក្នុងស្ថានភាពជាក់ស្តែង និងថ្មីៗបំផុត។

នៅក្នុងឱកាសនេះ ឯកឧត្តម ចាន់ តារា ក៏សូមឱ្យបងប្អូនមានការប្រុងប្រយ័ត្ននិងមានការអនាម័យជាប្រចាំហើយកុំមានការភ័យស្លន់ស្លោ តាមការបំផុសបំផុលរបស់ព័ត៌មានមិនពិតមួយចំនួនដែលមិនមែនជាpage ផ្លូវការរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលឡើយ ។ ឯកឧត្តមក៏មានមានជាអំណោយជូនដល់ ជនក្រីក្រនិងចាស់ជរាមានដូចជា អង្ករ ក្រមា មី ត្រីខនិងសាប៊ូ ទៅចែកជូនពួកគាត់ថែមទៀត។

លើសពីនេះ ឯកឧត្តម ចាន់ តារា បានណែនាំបន្ថែមដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ត្រូវ អនុវត្តប្រព្រឹត្តខ្លួនតាមការណែនាំរបស់រដ្ឋាភិបាលនិងក្រសួងសុខាភិបាល អោយបានម៉ឺងម៉ាត់និងជាប្រចាំ ដើម្បីអោយសហគមយើងគ្មានcovid 19 ពិសេស ត្រូវនៅអោយឆ្ងាយពីមនុស្ស ចាស់និងកុមារដែលជាបុគ្គលងាយនឹងឆ្លងជាងគេ ហើយអោយអាជ្ញាធរពាក់ព័ន្ធ គ្រប់មូលដ្ឋានភូមិ ឃុំ ក្នុងស្រុក ត្រូវរួមសហការគ្នាចុះជួប សួរសុខទុក្ខ ពលរដ្ឋ ដែលទើបមកដល់មូលដ្ឋានថ្មីៗព្រមទាំងធ្វើរបាយការណ៍ជូនថ្នាក់លើអោយបានជាប្រចាំ៕