ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ចំនួន២ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងភ្នំពេញបានងាកមកផលិតម៉ាស់បន្ថែមស្របពេលដែលតម្រូវការទីផ្សារម៉ាស់កំពុងកើនឡើង។ ក្រុមហ៊ុនទាំងពីរនោះគ្រោងនឹងដំណើរការផលិតម៉ាស់ក្នុងរង្វង់ពី២ម៉ឺនទៅ៨ម៉ឺនម៉ាស់ក្នុង១ថ្ងៃដោយចាប់ផ្តើមពីចុងខែមេសានេះខណៈដែលក្រុមហ៊ុនចំនួន២ផ្សេងទៀតក៏ទើបទទួលបានភ្លើងខៀវពីរដ្ឋាភិបាលកម្ពុជាដើម្បីផលិតម៉ាស់ចាប់ពីចុងខែមេសានិងពាក់កណ្តាលឆ្នាំ២០២០នេះដែរស្របពេលដែលតម្រូវការម៉ាស់កំពុងកើនឡើង។
រោងចក្រកាត់ដេរសម្លៀកបំពាក់ទាំងពីរខាងលើនេះ
ទី១.ក្រុមហ៊ុន Roo Hsing Garment Co.LTD ដែលមានទីតាំងស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ទី២. ក្រុមហ៊ុន Global Apparel Textile (Cambodia) Manufacturing LTD ដែលមានទីតាំងស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រុមហ៊ុនទាំងពីរនេះ គឺជាក្រុមហ៊ុនវិនិយោគលើរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានកម្មករចន្លោះពី១ពាន់ទៅ២ពាន់នាក់ ទើបនឹងបានស្នើសុំទៅរដ្ឋាភិបាលកម្ពុជា បន្ថែមមុខសញ្ញាផលិតម៉ាស់ដោយក្នុងមួយថ្ងៃក្រុមហ៊ុន Roo Hsing Garment គ្រោងនឹងផលិតឲ្យបានចន្លោះពី៦ទៅ៨ម៉ឺនម៉ាស់។ ចំណែកឯក្រុមហ៊ុន Global Apparel Textile (Cambodia) Manufacturing LTD វិញ គ្រោងនឹងផលិតម៉ាស់ឲ្យបាន២១៦០០ម៉ាស់នៅក្នុងមួយថ្ងៃ។
ក្រុមហ៊ុនទាំងពីរនេះ នឹងចាប់ផ្តើមដំណើរការផលិត ចាប់ពីចុង ខែមេសា នេះតទៅ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។ដោយឡែក ក្រៅពីក្រុមហ៊ុនទាំងពីរខាងលើនេះ ក្រុមហ៊ុនចំនួន២ផ្សេងទៀត ក៏ទើបទទួលបានភ្លើងខៀវពីរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការផលិតម៉ាស់សម្រាប់នាំចេញផងដែរ។ ក្នុងនោះ ក្រុមហ៊ុន HK Burltexដែលមានទីតាំងស្ថិតនៅក្នុងសួនឧស្សាហកម្មវឌ្ឍនៈ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានទុនវិនិយោគជាង៣លានដុល្លារ គ្រោងនឹងផលិតម៉ាស់ឲ្យបាន៦០ម៉ឺនម៉ាស់នៅក្នុងមួយថ្ងៃ ចាប់ពីចុងខែមេសានេះតទៅ។ចំណែកឯក្រុមហ៊ុនមួយទៀត ឈ្មោះ Andersen Industries ដែលមានទីតាំងនៅស្រុកអង្គស្នួល ខេត្តកណ្តាលក៏គ្រោងនឹងធ្វើការផលិតម៉ាស់ឲ្យបាន១ម៉ឺនម៉ាស់ក្នុងមួយថ្ងៃ ចាប់ពីពាក់កណ្តាលឆ្នាំ២០២០នេះតទៅ។លោក សុខ ចិន្តាសោភារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានប្រាប់បណ្តាញពត៌មានថា ក្រៅពីក្រុមហ៊ុនថ្មីៗទាំង៤ខាងលើនេះកម្ពុជានៅមានរោងចក្រផលិតម៉ាស់ដ៏ធំមួយទៀតស្ថិតនៅក្នុងខេត្តព្រះសីហនុ។
ក្រុមហ៊ុនខាងលើនេះជាក្រុមហ៊ុនផលិតម៉ាស់សុទ្ធសាតនិងបានដំណើរការតាំងពីមុនមានការផ្ទុះឡើងនៃជំងឺកូវីដ១៩នេះទៅទៀត។ បើតាមលោក សុខ ចិន្តាសោភា ក្រៅពីនេះកម្ពុជាក៏នៅមានក្រុមហ៊ុនផលិតសំភារៈពេទ្យដូចជា ខោ អាវ និងមួក ស្ថិតនៅក្នុងខេត្តកំពង់ចាម និងក្រុងបាវិតខេត្តស្វាយរៀងផងដែរ។ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ ដោយឡែកពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញមកទល់ពេលនេះ កម្ពុជាបានត្រៀមរោងចក្រផលិតម៉ាស់ខ្លួនឯងរួចហើយដែលចាប់ពីពេលនេះទៅកម្ពុជាអាចផលិតម៉ាស់បានជាង១លាន២សែនម៉ាស់ហើយនឹងបង្កើនសមត្ថភាពផលិតអោយបានច្រើនថែមទៀត៕