ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុងជួបពិភាក្សាការងារជាមួយគណៈប្រតិភូឥណ្ឌា


ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូឥណ្ឌា ដឹកនាំដោយលោក RamNath Kovind អភិបាលរដ្ឋ Bihar និងឯកអគ្គរដ្ឋទូតឥណ្ឌា នាទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី0៦ ខែកុម្ភៈ ឆ្នាំ២០១៧ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍ថា ក្នុងជំនួបនាពេលនោះ ឯកឧត្តម RamNath Kovind បានកោតសរសើរយ៉ាងខ្លាំងដោយឃើញការរីកចម្រើនយ៉ាងខ្លាំងរបស់កម្ពុជា ក្នុងឱកាសទស្សនកិច្ចលើកទី១របស់ឯកឧត្តមនៅកម្ពុជា។
ជាមួយគ្នា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានសរសើររដ្ឋាភិបាលឥណ្ឌា ដែលបានមកប្រារព្ធបុណ្យពុទ្ធសាសនានៅកម្ពុជា ដោយកម្ពុជា និងឥណ្ឌា ជាប្រទេសគោរពសាសនាព្រះពុទ្ធដូចគ្នា និងក្នុងឱកាសគំរប់ខួបលើកទី២៥ ភាពជាដៃគូអាស៊ាន-ឥណ្ឌា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងអំណរគុណ រដ្ឋាភិបាលឥណ្ឌា ដែលបានផ្តល់ជំនួយ និងកម្ចីការប្រាក់ទាបដល់កម្ពុជា ព្រមទាំងការវិនិយោគម៉ាស៊ីនកិនស្រូវ ដែលជួយដល់ប្រជាជនកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានកោតសរសើរលោកអភិបាលរដ្ឋBIHAR ដែលបានបំពេញតួនាទីជាសមាជិកសភាឥណ្ឌាអស់រយៈពេលជាង១០ឆ្នាំ ដែលបានជួយគាំទ្រវិស័យអប់រំជនបទ កសាងសាលារៀន លើសពីនេះទៅទៀតឯកឧត្តម RamNath Kovind ជាមេធាវីដែលតែងតែការពារជនទន់ខ្សោយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានថ្លែងអំណរគុណដល់ឥណ្ឌា ដែលបានជួយជួសជុលប្រាសាទអង្គរវត្តក្នុងទសវត្សរ៍១៩៨០ និងប្រាសាទតាព្រហ្មជំហានទី២ ពីឆ្នាំ២០១៥ ដល់២០២៥។ កម្ពុជា និងឥណ្ឌាក៏បានពិភាក្សាអំពីបញ្ហាជួសជុលប្រាសាទបាកានដែរ ដែលស្ថិតនៅក្នុងខេត្តព្រះវិហារ ក្នុងឱកាសប្រជុំគណៈ “កម្មាធិការបេតិកភណ្ឌពិភពលោក” នៅ កម្ពុជា នៅឆ្នាំ២០១៣។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ ឥណ្ឌា ដែលបានគាំទ្រប្រាសាទព្រះវិហារ ចូលជាសម្បត្តិបេតិ កភណ្ឌពិភពលោក ក្នុងឆ្នាំ២០០៨ ហើយកម្ពុជាក៏បានគាំទ្រ “Hill Fort Rajasthan” របស់ឥណ្ឌា ចូលក្នុងបញ្ជីបេតិកភណ្ឌ ក្នុងឱកាសប្រជុំគណៈ “កម្មាធិការបេតិកភណ្ឌពិភពលោក” លើកទី៣៧ នៅភ្នំពេញ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុងបន្ថែមទៀតថា សព្វថ្ងៃនេះ ឥណ្ឌា និងចិន ធ្វើជាសហប្រធានគណៈ “កម្មាការសម្របសម្រួលអន្តរជាតិ ប្រាសាទព្រះវិហារ” ដែលឥណ្ឌា បានសន្យាអភិរក្សនិងជួសជុលខ្លោងទ្វារប្រាសាទទី៥ និងចិន បានសន្យាជួសជុល ខ្លោងទ្វារប្រាសាទទី១ ២ និងទី៣ នៅពេលខាងមុខ៕