ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យអញ្ជើញចុះពិនិត្យមើលទីតាំងច្រកអូរបីជាន់និងគោកធ្យូង


ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅ និងមន្ត្រីពាក់ព័ន្ធ កងកម្លាំងទាំង៣ បានអញ្ជើញចុះពិនិត្យមើលទីតាំងច្រកអូរបីជាន់និងគោកធ្យូង ឋិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ជាច្រកមានការប្រជុំឯកភាពជារួមរវាង អភិបាលខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ថៃ សម្របសម្រួលឲ្យពលករខ្មែរដែលអាជ្ញាធរថៃបញ្ជូនមក ចេញតែមួយគត់ដើម្បី ងាយស្រួលត្រួតពិនិត្យសុខភាព បង្ការទប់ស្កាត់ ជម្ងឺកូវីត១៩ ។

ជាមួយគ្នានោះ ឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋដែលទើបតែវិលត្រឡប់មកពីក្រៅប្រទេសវិញត្រូវនៅដាច់ដោយឡែកពីអ្នកដទៃរយៈពេល ១៤ថ្ងៃ នឹងបន្តតាមដានសុខភាពខ្លួនឯង ប្រសិនបើសង្ស័យថាខ្លួនមានផ្ទុកនូវវ៉ីរុសកូវីដ 19នេះ សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 115 ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត។

ក្នុងឱកាសនោះ ឯកឧត្តម ព្រមទាំងក្រុមការងារ បានខ្នះខ្នែងស្វែងរកទីតាំងរៀបចំសមរម្យ សម្រាប់ក្រុមការងារសុខាភិបាល កងកម្លាំង និងមន្ត្រីពាក់ព័ន្ធ ធ្វើការងារប្រចាំការត្រួតពិនត្យបងប្អូនពលករដែលចេញមកពីថៃ ផងដែរ និងពិនិត្យការរៀបចំ សម្អាតអគារក្នុងសាលាវិទ្យាល័យកូប ស្រុកអូរជ្រៅ ដើម្បីត្រៀមទុកដាក់អ្នកឆ្លងកូវីត១៩ ៕