ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដាក់ចេញវិធានការឱ្យមន្ត្រីរាជការក្រសួងបំពេញកម្រងសំណួរតាមដានសុខភាពប្រចាំថ្ងៃតាមឌីជីថល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩


ថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួង ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំក្រសួង ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងធ្វើបទបង្ហាញពីទម្រង់តាមដានសុខភាពមន្ត្រីរាជការរបស់ក្រសួង (ស្វែងរក និងកំណត់រោគសញ្ញាជំងឺកូវីដ១៩) តាមប្រព័ន្ធអនឡាញ និងជំរុញថ្នាក់ដឹកនាំគ្រប់អង្គភាពឱ្យលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនក្នុងការចូលរួមបំពេញកម្រងសំណួរតាមឌីជីថលរៀងរាល់ព្រឹក សំដៅតាមដានសុខភាពរបស់មន្រ្តីប្រចាំថ្ងៃ និងចាត់វិធានការបានទាន់ពេលវេលា ក្នុងករណីមានរោគសញ្ញាសង្ស័យ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានជម្រាបជូនថា៖ ទម្រង់តាមដាន និងរាយការណ៍សុខភាពមន្ត្រីប្រចាំថ្ងៃនេះ គឺជាកម្រងសំណួរតាមឌីជីថល ដែលបង្កើតឡើង ដើម្បីតាមដានសុខភាពប្រចាំថ្ងៃរបស់មន្ត្រីទាក់ទងនឹងរោគសញ្ញាជំងឺកូវីដ១៩ មានលក្ខណៈងាយស្រួល និងអាចឱ្យមន្ត្រីរាជការក្រសួងចំណាយពេលវេលា បំពេញប្រហែលមួយនាទីប៉ុណ្ណោះ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ ជំងឺកូវីដ១៩គឺជាជំងឺដ៏កាចសាហាវ បច្ចុប្បន្នមានមនុស្សជាងមួយលាននាក់បានឆ្លងមេរោគនេះ និងបណ្ដាលឱ្យស្លាប់រាប់ម៉ឺននាក់ ហើយកំពុងរាតត្បាតពាសពេញពិភពលោក រួមទាំងកម្ពុជាផងដែរ។

ស្ថិតក្នុងស្ថានភាពបែបនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានផ្ដាំផ្ញើឱ្យមន្ត្រីទាំងអស់ថែរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុល ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងរក្សាគម្លាតចន្លោះពីមួយម៉ែត្រ ទៅពីរម៉ែត្រក្នុងការប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃ ជាពិសេសត្រូវស្នាក់នៅផ្ទះ និងចេញទៅក្រៅក្នុងករណីចាំបាច់ប៉ុណ្ណោះ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរចំពោះគំនិតច្នៃប្រឌិតរបស់មន្ត្រីនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានបង្កើតទម្រង់ឌីជីថល តាមដានសុខភាពនេះឡើង និងបានជំរុញលើកទឹកចិត្តឱ្យមន្ត្រីទាំងអស់ចូលរួមបំពេញកម្រងសំណួរទាក់ ទងនឹងរោគសញ្ញាមេរោគកូវីដ១៩ឱ្យបានជាប្រចាំនិងរៀងរាល់ពេលព្រឹកមុនពេលចូលបំពេញការងារ។

គួរកត់សម្គាល់ផងដែរថា៖ មេរោគកូវីដ១៩មានលក្ខណៈងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាម រយៈការប៉ះពាល់ផ្ទាល់ទៅនឹងដំណក់ទឹកតូចៗដែលចេញពីប្រព័ន្ធផ្លូវដង្ហើមរបស់អ្នកដែលបានឆ្លងវីរុស (តាមរយៈការក្អក និងកណ្តាស់) និងការប៉ះទៅលើផ្ទៃនានាមានវីរុស។ វីរុសនេះអាចរស់នៅផ្ទៃខាងក្រៅ បានជាច្រើនម៉ោង ប៉ុន្តែថ្នាំសម្លាប់វីរុសទូទៅអាចប្រើដើម្បីសម្លាប់វាបាន ។
តាមដាន និងរាយការណ៍សុខភាពប្រចាំថ្ងៃរបស់មន្ត្រី ដើម្បីទប់ស្កាត់ការរាលដាលជម្ងឺកូវីដ-១៩ COVID-19