រាជធានីភ្នំពេញ ៖ ស្ថានភាពរបស់ពលរដ្ឋខ្មែរ 3នាក់ ដែលបានឆ្លងវីរុស Covid 19 នៅសាធារណរដ្ឋកូរ៉េ ក្រោយពីបានធ្វើតេស្តជាលើកទី2 ដែលគម្រប់ 14ថ្ងៃ នៃការស្នាក់នៅក្នុងមន្ទីរពេទ្យ ដើម្បីពិនិត្យ និងព្យាបាលពីសំណាក់គ្រូពេទ្យ ប្អូនស្រី និងម្ដាយរបស់គាត់ ត្រូវបានចេញជាលទ្ធផលអវិជ្ជមានហើយ ប៉ុន្តែគេតម្រូវឲ្យនៅធ្វើតេស្ត 2ដងបន្ថែមទៀត ជាការផ្ទៀងផ្ទាត់ចុងក្រោយ ។ នេះបើយោងតាមហ្វេស ប៊ុក លោកឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូង ចេញផ្សាយថ្ងៃទី៧ ខែមេសានេះ ។
រីឯទារករបស់គាត់ដែលមានអាយុ 3 ខែ ឃើញថានៅមានវិជ្ជមាន covid19 សេសសល់នៅឡើយ ។ អាស្រ័យហេតុនេះ បើសិនជាការធ្វើតេស្តលើកចុងក្រោយ សម្រាប់ម្ដាយ ប្អូនស្រីនៅតែអវិជ្ជមាននោះគាត់នឹងអាចអនុញ្ញាតឲ្យចេញទៅផ្ទះមុន ប៉ុន្តែប្អូនស្រីត្រូវនៅបន្តទៀតជាមួយនឹងទារករបស់គាត់រហូតដល់ជាសះស្បើយជាស្ថាពរ ។
ដោយឡែកស្វាមីរបស់គាត់ដែលជនជាតិកូរ៉េ បានជាសះស្បើយហើយ និងបានត្រឡប់ទៅផ្ទះវិញហើយ៕