សម្តេចតេជោ ហ៊ុន​ សែន៖ រាជរដ្ឋាភិបាលនឹងសង៥ថ្ងៃវិញជំនួសថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ក្រោយប្រទេសឆ្លងផុតកូវីដ-១៩


នៅក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ (១៣-១៦ ខែមេសា ឆ្នាំ២០២០) ខាងមុខនេះ គឺត្រូវបានរាជរដ្ឋាភិបាលលើកថ្ងៃឈប់សម្រាកហើយ ដូចបានចែងច្បាស់នៅក្នុងអនុក្រឹត្យ​ដែលចុះហត្ថលេខាដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។

តាមរយៈ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ​ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលនឹងសង៥ថ្ងៃជូនបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការវិញ នៅពេលណាដែលប្រទេសជាតិបានឆ្លងរួចផុតពីជំងឺកូវីដ-១៩។

ប៉ុន្តែបងប្អូនប្រជាពលរដ្ឋអាចប្រារព្ឋពិធីទទួលទេវតាឆ្នាំថ្មីនៅតាមផ្ទះរៀងៗខ្លួនបាន។ រាល់នូវពិធីកំសាន្តសប្បាយនៅខាងក្រៅតាមទីធ្លាសាធារណៈ គឺមិនអនុញ្ញាត្តិឲ្យធ្វើទេ ដើម្បីចៀសវាងការប្រមូលផ្តុំគ្នាច្រើនគ្នាច្រើន ដែលអាចប៉ះពាល់ដល់ការចម្លងរោគកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា អ្វីដែលរាជរដ្ឋាភិបាលសម្រេចដាក់ចេញពេលនេះ គឺដើម្បីធានានូវសុវត្ថិភាពអាយុជីវិតជូនបងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារដើម្បីកុំឲ្យឆ្លងមេរោគកូវីដ-១៩។ អរគុណបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការដែលយោគយល់ចំពោះស្ថានភាពដែលប្រទេសយើងកំពុង ស្ថិតក្នុងស្ថានភាពប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ នៅពេលនេះ៕