សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន


សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវបានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការ និងគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ដឹកនាំដោយ ច័ន្ទ សុផល ប្រធានស្តីទីគណៈកម្មការ ព្រមទាំងឯកឧត្តម លោកជំទាវ តំណាងមកពីគ្រប់គណៈកម្មការជំនាញរបស់រដ្ឋសភា បានជួបប្រជុំពិនិត្យ​ សិក្សា​ ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងសហការី នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា បានលើកឡើងថា សេចក្តីព្រាងច្បាប់នេះ បានតាក់តែងឡើងស្របគ្នានឹងមាត្រា ២២ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលបានចែងថា នៅពេលប្រជាជាតិប្រឈមមុខគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈដាក់ប្រទេសជាតិក្នុងភាពអាសន្ន ហើយច្បាប់នេះធ្វើឡើងក្នុងគោលបំណងកំណត់អំពីបែបបទ នីតិវិធី និងលក្ខខណ្ឌ នៃការប្រកាសដាក់ប្រទេសជាតិក្នុងគ្រាមានអាសន្ន។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នឹងផ្តល់ជាមូលដ្ឋានគតិយុត្ត ដើម្បីឆ្លើយតប ទៅនឹងស្ថានភាពរបស់ប្រទេសក្នុងភាពអាសន្ន សំដៅការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពារទ្រព្យសម្បត្តិ និងបរិស្ថាន។ ជាពិសេសក្នុងស្ថានភាពរីករាលដាលជំងឺ កូវីដ១៩ ដែលជាវិបត្តិសកលកាន់តែច្រើនឡើងក្នុងពិភពលោកក្នុងពេលបច្ចុប្បន្ននេះ។