ក្រសួង​វប្បធម៌ រៀបចំ​ឯកសារអំពី នំ​បញ្ចុក ដើម្បី​ដាក់​ស្នើសុំ​ចុះបញ្ជី​​បេតិកភណ្ឌអរូបី​នៃ​មនុស្សជាតិ


ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ​ត្រៀមរៀបចំ​ឯកសារដើម្បី​ដាក់​ស្នើសុំ​ចុះបញ្ជី​ នំ​បញ្ចុក តំណាង​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ​ នៅឆ្នាំ២០២០នេះ។ នេះ​បើតាម​លោក ឡុង ប៊ុណ្ណា​ស៊ី​វិ​វត្ថ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ លើកឡើងក្នុងសន្និសីទ​សារព័ត៌មានរបស់អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ស្តីពី វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ។​

​សូម​រម្លឹកថា មកដល់​ខែមេសា ឆ្នាំ​២០២០ កម្ពុជា មានសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដែល​បាន​ចុះបញ្ជី​នៅ​អង្គការ​យូណេស្កូ ចំនួន ៨ រួមមាន​៖

១-​តំបន់​អង្គរ​៖ សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ចុះបញ្ជី​នៅ​ថ្ងៃទី​១៤ ធ្នូ ១៩៩២​។​

២-​របាំ​ព្រះរាជ​ទ្រព្យ​៖ សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ ចុះបញ្ជី​នៅ​ថ្ងៃទី​៧ វិច្ឆិកា ឆ្នាំ​២០០៣​។​

៣-​ប្រាសាទព្រះវិហារ​៖ សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ចុះបញ្ជី​នៅ​ថ្ងៃទី​៧ កក្កដា ២០០៧​។​

៤-​ល្ខោន​ស្រមោល​ស្បែក​ធំ​៖ សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ ចុះបញ្ជី​នៅ​ថ្ងៃទី​២៥ វិច្ឆិកា ២០១៥​។​

៥-​ល្បែង​ទាញព្រ័ត្រ​៖ សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ ចុះបញ្ជី​នៅ​ថ្ងៃទី​២ ធ្នូ ២០១៥​។​

៦-​ចាប៉ីដងវែង​៖ សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី ត្រូវការ​សង្គ្រោះបន្ទាន់ ចុះបញ្ជី​នៅ​ថ្ងៃទី​៣០ វិច្ឆិកា ២០១៦​។​

៧-​តំបន់​ប្រាសាទសំបូរព្រៃគុក​៖ សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ចុះបញ្ជី​នៅ​ថ្ងៃទី​៨ កក្កដា ២០១៧​។​

៨-​ល្ខោនខោល​វត្ត​ស្វាយ​អណ្ដែត​៖ សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី ត្រូវការ​សង្គ្រោះបន្ទាន់ ចុះបញ្ជី​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨៕