អភិបាលខេត្តកោះកុង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩


(កោះកុង)៖ ថ្ងៃសុក្រ ៣ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការកែសម្រួលបទបញ្ជាលេខ ០២ ប.ប ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។

លោកជំទាវអភិបាលខេត្ត សូមអោយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ចូលរួមសហការ និងអនុវត្ត អោយបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាពខ្ពស់ ដូចខ្លឹមសារ នៃសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការកែសម្រួលបទបញ្ជាលេខ ០២ ប.ប ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ រួមមាន ១-ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវចាត់ទុកជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោមវិសាលភាព នៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកនោះទេ និង២-លុបចេញវិញនូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ពីស្រុកមួយទៅស្រុកមួយទៀត នៅក្នុងខេត្តតែមួយ ដោយរក្សាជាធរមាននូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត។ ជាមួយគ្នានេះផងដែរ សូមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធផ្តល់ព័ត៌មានអោយបានទាន់ពេលវេលា និងគ្រប់ជ្រោយ ជាមួយអ្នកមានការពាក់ព័ន្ធ ដើម្បីមានមូលដ្ឋាន ក្នុងការសម្រេចចិត្ត និងស្នើសូមកិច្ចអន្តរាគមន៍នានា៕