សម្តេចតេជោ ហ៊ុន សែន ជូនពរ និងថ្លែងអរគុណមន្រ្តីរាជការ ប្រជាពលរដ្ឋ កម្មករកម្មការិនី ដែលយោគយល់ និងចូលរួមប្រយុទ្ធប្រឆាំងកម្ចាត់ជំងឺកូវីដ ដោយបន្តធ្វើការជាធម្មតាក្នុងថ្ងៃចូលឆ្នាំ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយកមន្រ្តីនៃកម្ពុជា បានផ្ញើសារជូនពរជនរួមជាតិទាំងអស់ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ជាមួយគ្នានេះ សម្តេចក៏បានថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋ មន្រ្តីរាជការ និងកម្មករ កម្មការិនីទាំងអស់ ដែលបានយោគយល់ និងចូលរួមទប់ស្កាត់ប្រយុទ្ឋប្រឆាំងកម្ចាត់ជំងឺកូវីដ-១៩ ដោយបន្តធ្វើការងារជាធម្មតាក្នុងថ្ងៃចូលឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា៖ «នៅក្នុងឱកាសនៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី ១៣-១៦ ខែមេសា ២០២០ ខ្ញុំព្រះករុណានិងភរិយាសូមប្រគេនពរព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិ និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើន មានលាភជ័យ សុភមង្គល និងសុខភាពល្អចៀសផុតពីជំងឺទាំងឡាយរួមទាំងជំងឺកូវីដ-១៩»។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖ «សូមអរគុណសារជាថ្មីចំពោះបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការ ព្រមទាំងកូនក្មួយកម្មករកម្មការិនីទាំងអស់ដែលបានយោគយល់ និងចូលរួមទប់ស្កាត់ប្រយុទ្ឋប្រឆាំងកម្ចាត់ជំងឺកូវីដ-១៩ ដោយបន្តធ្វើការងារជាធម្មតាក្នុងថ្ងៃចូលឆ្នាំ។ ទន្ទឹមនឹងនេះ សូមបន្តធ្វេីតាមការណែនាំរបស់ក្រសួងសុខាភិបាលដេីម្បីសុវត្ថិភាពសុខភាពអាយុជីវិតទាំងអស់គ្នា»។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលគ្រោងធ្វើឡើងពីថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២០នេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ប៉ុន្តែត្រូវទទួលទេវតាឆ្នាំថ្មីនៅតាមផ្ទះរៀងៗខ្លូនដូចរាល់ឆ្នាំ ចំណែកស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនវិញក៏ត្រូវបន្តធ្វើការធម្មតា ដោយរដ្ឋនឹងសងថ្ងៃឈប់សម្រាករយៈពេល៥ថ្ងៃវិញ នៅពេលសមស្របតាមក្រោយ៕