ឯកឧត្ដម គង់ សោភ័ណ្ឌ អញ្ជើញចុះពិនិត្យទីតាំងមណ្ឌលចត្តាឡីស័កប្រភេទ១ នៅស្រុកកណ្ដាលស្ទឹង


ខេត្តកណ្តាល៖ រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ចុះពិនិត្យទីតាំងមណ្ឌលចត្តាឡីស័កប្រភេទ១ នៅស្រុកកណ្ដាលស្ទឹង ដើម្បីត្រៀមដាក់ប្រជាពលរដ្ឋ មកពីបរទេស និងអ្នកដែលមានការសង្ស័យឆ្លងជំងឺកូវីដ១៩ អោយនៅដាច់ដោយឡែករយៈពេលពេល១៤ថ្ងៃ។

ក្នុងឱកាសចុះពិនិត្យទីតាំង ឯកឧត្ដមអភិបាលខេត្ត បានស្នើអោយអាជ្ញាធរស្រុក ឃុំ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់គ្រងអោយបាននូវប្រជាពលរដ្ឋចំណូលថ្មី ពិសេសប្រជាពលរដ្ឋដែលទើបត្រលប់មកពីបរទេស។

ឯកឧត្ដមបានសំណូមពរដល់ប្រជាពលរដ្ឋដែលមានសមាជិកគ្រួសារមកពីបរទេស ត្រូវរាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន ហើយត្រូវនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីបង្ការការពារ ការឆ្លងទៅក្រុមគ្រួសារ។ ហើយអាជ្ញាធរស្រុក ត្រូវអនុវត្តអោយបានម៉ឺងម៉ាត់ នូវបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ ០២បប និងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៣៩សសរ ស្ដីពីការហាមឃាត់ ការធ្វើដំណើរនៅក្នុងប្រទេស ពីខេត្តមួយ ទៅខេត្តមួយ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាល នៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរថ្មី កូវីដ១៩។

លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានអោយដឹងថា មណ្ឌលចត្តាឡីស័កប្រភេទ១ មានទីតាំងស្ថិតនៅវិទ្យាល័យកំពង់កន្ទួត ដែលអាចផ្ទុកមនុស្សបានចំនួន១០០នាក់ និងមានក្រុមគ្រូពេទ្យជំនាញរងចាំពិនិត្យ និងតាមដានចំនួន១០នាក់។