អភិបាលខេត្តពោធិ៍សាត់ បានចុះត្រួតពិនិត្យតាមគោលដៅក្នុងស្រុកក្រគរ ជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងបន្តចុះទៅតាមគោលដៅផ្សេងៗទៀត


ឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យតាមគោលដៅក្នុងស្រុកក្រគរ ជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងបន្តចុះទៅតាមគោលដៅផ្សេងៗទៀត ក្នុងគោលបំណងពង្រឹកការអនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីការកំណត់លើការធ្វើដំណើរ ពីខេត្តមួយទៅខេត្តមួយ ដើម្បីបង្ការ និងទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ១៩ ទៅដល់សហគមន៍។

សូមបញ្ជាក់ថា ខេត្តពោធិ៍សាត់ បានដាក់គោលដៅចំនួន៧សំខាន់ៗ សម្រាប់ត្រួតពិនិត្យ រួមមាន៖

*១- ស្រុកបាកាន ០១គោលដៅ ព្រំប្រទល់ជាមួយខេត្តបាត់ដំបង។

*២- ស្រុកក្រគរ ០២គោលដៅ ព្រំប្រទល់ជាមួយខេត្តកំពង់ឆ្នាំង។

*៣- ស្រុកវាលវែង ០៣គោលដៅ ព្រំប្រទល់ជាមួយខេត្តបាត់ដំបង និងខេត្តកោះកុង។

*៤- ស្រុកតាលោសែនជ័យ ០១គោលដៅ ព្រំប្រទល់ជាមួយខេត្តបាត់ដំបង។

គ្រប់គោលដៅទាំងអស់ យើងបានប្រើប្រាស់កម្លាំងនគរបាលសរុប ចំនួន៤៦នាក់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ចំនួន ២១នាក់ ចំពោះសភាការណ៍គឺមានលក្ខណៈល្អប្រសើរ ពុំមានអ្វីកើតឡើងគួរឱ្យគត់សម្គាល់ឡើយ។

ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្តល់ជូនកងកម្លាំងដែលឈរជើងតាមព្រំប្រទល់នីមួយៗ នូវអង្ករ២បេធំ, ត្រីខ៥យួរ, ទឹកត្រី និងទឹកស៊ីអ៊ីវ៥យួរ, មី៦កេស, ទឹកក្រូច១៥កេស, ទឹកសុទ្ធ១៥យួរ, ម៉ាស់២ពាន់ម៉ាស់ និងថវិកា២លានរៀល សម្រាប់ដោះស្រាយការខ្វះខាតផងដែរ៕