ការចុះពិនិត្យកម្លាំងតាមគោលដៅព្រំប្រទល់រវាងខេត្ត និងខេត្ត អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងគោលបំណងទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ-១៩(COVID-19)


នៅថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ដោយអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ (COVID-19) ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកងកម្លាំងរាជអាវុធហត្ថខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ចុះពិនិត្យកម្លាំងឈរជើងតាមគោលដៅព្រំប្រទល់រវាងខេត្ត និងខេត្ត ដើម្បីអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលលើទីតាំងចំនួន៣ គោលដៅក្នុងភូមិសាស្ត្រខេត្ត។

ទីតាំងទាំង៣នេះ រួមមាន ទី១៖ គោលដៅផ្លូវជាតិលេខ៧ ព្រំប្រទល់រវាងស្រុកសៀមបូក ខេត្តស្ទឹងត្រែង និងស្រុកសំបូរខេត្តក្រចេះ ចំណុច(ស្ពានអូរច្រឡង់)។

ទី២៖ គោលដៅផ្លួវជាតិលេខ៧៨ ព្រំប្រទល់រវាងស្រុកសេសាន ខេត្តស្ទឹងត្រែង និងស្រុកកូនមុំ ខេត្តរតនគិរី(ចំណុចអូរស្រែពក)។

ទី៣៖ គោលដៅផ្លួវជាតិលេខ៩ ព្រំប្រទល់រវាងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងស្រុកឆែប ខេត្តព្រះវិហារ(ចំណុចអូរចង្ហារ)។

ក្នុងឱកាសអញ្ជើញត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំងរក្សាការពារសុវត្ថិភាព និងសម្របសម្រួលប្រចាំគោលដៅឯកឧត្តម ម៉ុម សារឿន ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំងអស់ត្រូវត្រួតពិនិត្យរាល់ការបំលាស់ទីរបស់បងប្អូនប្រជាពលរដ្ឋឲ្យបានជាក់លាក់ និងយកវិធានការអប់រំឲ្យប្រជាពលរដ្ឋបានយល់ពីបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឲ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តជាបន្ទាន់ ក្នុងគោលបំណងទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ-១៩ ក្រោមការគិតគូរ និងយកចិត្តទុកដាក់បំផុត ពីប្រមុខថ្នាក់ដឹកនាំ ដើម្បីធានាបាននូវភាពសុខសាន្ត របស់បងប្អូនប្រជាពលរដ្ឋ។

ជាមួយនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវ និងសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការយោគយល់លើចំណាត់ការ ក្នុងគ្រាដ៏លំបាកនេះ និងសូមចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីសេចក្តីសុខ និងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនផង ដើម្បីសុវត្ថិភាពសុខភាពសម្រាប់អ្នកដទៃ និងសហគមន៍ទាំងមូលផង នៅក្នុងកាលៈទេសៈដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕