អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យគោលដៅប្រចាំការរបស់កងកម្លាំង និងមន្រ្តីជំនាញ នៅព្រំប្រទល់ខេត្តមណ្ឌលគិរី ក្រចេះ


មណ្ឌលគីរី: ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ និងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការដាក់កំហិតលើការធ្វើដំណើររបស់ប្រជាពលរដ្ឋឆ្លងកាត់រាជធានី/ខេត្ត នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណ:អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះត្រួតពិនិត្យគោលដៅប្រចាំការ និងនាំយកគ្រឿងឧបភោគបរិភោគ ផ្តល់ជូនកងកម្លាំង និងមន្រ្តីចត្តាឡីស័ក ដែលឈរជើងអនុវត្តបទបញ្ជាររាជរដ្ឋាភិបាល នៅចំនុចព្រំប្រទល់ខេត្តមណ្ឌលគិរី និងក្រចេះ ស្ថិតនៅភូមិឆ្នៃង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ឯកឧត្តម អភិបាលខេត្ត បានជំរុញនិងលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ ត្រូវអនុវត្តបទបញ្ជាប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះភារកិច្ចរបស់ខ្លួន ធ្វើយ៉ាងណាទប់ស្កាត់នូវការចរាចរណ៍របស់ប្រជាពលរដ្ឋឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។

ឯកឧត្តម បានបន្ថែមថា ការរឹតត្បិតការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំនេះ គឺដើម្បីការពារប្រជាពលរដ្ឋពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ទៅក្នុងសហគមន៍ និងបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ និងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដោយមិនត្រូវធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ក្នុងកំឡុងពេលនេះឡើយ ។

ឯកឧត្តម អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់មន្ត្រីរាជការ ប្រជាពលរដ្ឋ មិនត្រូវមើលស្រាលចំពោះហានិភ័យនៃជំងឺកូវីដ១៩ឡើយ ត្រូវរក្សាអនាម័យឱ្យបានជាប់ជាប្រចាំ ដោយត្រូវរក្សាគំលាតពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះ ត្រូវពាក់ម៉ាស លាងដៃឲ្យបានញឹកញាប់ជាមួយអាល់កុល ឬសាប៊ូ មិនត្រូវប្រមូលផ្ដុំគ្នាច្រើនឡើយ។

នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង បាននាំយកគ្រឿងឧបភោគបរិភោគរួមមានះ ទឹកសុទ្ឋ មី អង្ករ ត្រីខកំប៉ុង ម៉ាស់ការពារ អាល់កុលលាងដៃ និងថវិកាចំនួន១.៥០០.០០០រៀល ផ្តល់ជូនដល់កងកម្លាំង និងមន្ត្រីចត្តាឡីស័ក ប្រចាំការនៅចំណុចព្រំប្រទល់ខេត្តមណ្ឌលគិរី និងក្រចេះ។
បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត ក៏បានចុះពិនិត្យទីតាំងដាក់ឱ្យនៅដាច់ដោយឡែករយ:ពេល១៤ថ្ងៃ ចំពោះ ពលករដែលត្រឡប់មកពីក្រៅប្រទេស ស្ថិតនៅក្នុងមណ្ឌលកុមារកំព្រាខេត្តមណ្ឌលគិរី ដែលមានទីតាំងនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។