កម្មករ កម្មការិនី នៅខេត្តកំពង់ឆ្នាំងប្រមាណជាង៤ម៉ឺននាក់មកធ្វើការជាធម្មតានៅក្នុងថ្ងៃបុណ្យចូលឆ្នាំដោយអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល


កំពង់ឆ្នាំងៈកម្មករ កម្មការិនី ប្រមាណជាង៤ម៉ឺននាក់ នៅតាមបណ្តារោងចក្រនានានៅក្នុងភូមិសាស្រ្តនៃខេត្តកំពង់ឆ្នាំង បានមកធ្វើការងាររៀងៗខ្លួន ដោយអនុវត្តន៍តាម សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលក្នុងយុទ្ធនាការទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ នេះបើតាមការបញ្ជាក់របស់ លោក ពៅ ស៊ីថា ប្រធានមន្ទីរការងារ និងបណ្តុះ
បណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ដែលជាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។

ការបញ្ជាក់របស់លោកប្រធានមន្ទីរការងារនេះ គឺធ្វើឡើងក្នុងពេលដែល ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចុះពិនិត្យខ្សែសង្វាក់ផលិតកម្មរបស់រោងចក្រ អឹម វ៉េ ស្ថិតនៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

មានប្រសាសន៍នាឱកាសនោះឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានសម្តែង នូវការកោតសរសើរចំពោះដំណើរខ្សែសង្វាក់ផលិតកម្មរបស់រោងចក្រអឹមវ៉េ ដែលបានបន្តនិរន្តរភាពរបស់រោងចក្រជាប្រចាំ បើទោះបីស្ថានភាពបច្ចុប្បន្ននៅលើសកលលោកទទួលរងនូវវិបត្តិជាសកល ដែលបង្ករឡើងដោយមេរោគកូវីដ១៩នេះ ។ ជាមួយនេះ ឯកឧត្តម បានសម្តែងកោតសរសើរចំពោះទឹកចិត្តរបស់កម្មករ កម្មការិនី បានមកមបំពេញការងារជាធម្មតាតាមការណែនាំរបស់រាជរដ្ឋាភិបាល ដោយរក្សាសុខភាពនៅថ្ងៃនេះ ដើម្បីជួបជុំនៅពេលក្រោយ ។ បើទោះបីយើងមិនបានឈប់សំរាកក្នុងថ្ងៃបុណ្យចូលឆ្នាំប៉ុន្តែយើងអាចរៀបរណ្តាប់ទទួលទេវតាតាមផ្ទះរៀងៗខ្លួនដូចរៀងរាល់ឆ្នាំផងដែរ ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានផ្តាំផ្ញើដល់កម្មករ កម្មការិនីទាំងអស់ ត្រូវចូលរួមថែទាំសុខភាពអោយបានល្អ ព្រោះថាៈជំងឺឆ្លងថ្មីនេះវាមានសភាពសាហាវមែន តែយើងអាចការពារបាន ដោយអនុវត្តជាប្រចាំគឺរស់នៅស្អាត ហូបស្អាត ផឹកស្អាត និង អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភាពិបាល គឺមិនត្រូវជួបជុំគ្នា លាងសំអាតដៃនិងសាប៊ូឬអាល់កុល រក្សាគម្លាតក្នុងសង្គម ធ្វើដូចនេះបាននោះ យើងទាំអស់គ្នាមិនអាចឆ្លងជំងឺនេះបានទេ ៕