ស្ថាប័ន​អន្តរជាតិធំៗពីរ​អះអាងថា សេដ្ឋកិច្ចកម្ពុជា​នឹង​សម្រេចបាន​កំណើន​រង្វង់ ៦ភាគរយ​នៅ​ឆ្នាំក្រោយ


ភ្នំពេញៈ បើទោះបីជា​សេដ្ឋកិច្ច​របស់​កម្ពុជា បាន​រង​ការប៉ះទង្គិច​ពី​ការផ្ទុះ​ជំងឺ Covid-19 ធនាគារពិភពលោក (World Bank) ក្នុង​របាយការណ៍​ថ្មី​របស់ខ្លួន​ស្តីពី «តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក ក្នុង​សម័យកាល Covid-19 កំណើនសេដ្ឋកិច្ច​កម្ពុជា នឹង​ស្តារឡើងវិញ​មក​នៅ ៥,៩ភាគរយ​ក្នុង​ឆ្នាំ២០២១ ។

ប្រសិនបើ​ផល​ប៉ះទង្គិច​នេះ ហៀរ​ទៅដល់​វិស័យ​សំណង់ និង​អចលនទ្រព្យ​ដែលជា​ផ្នែកសំខាន់ៗ នាំមក​នូវ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា ក្នុងខណៈដែល​ទីផ្សារ​ហិរញ្ញវត្ថុ​មាន​ចលាចល វា​អាច​នឹង​ជះឥទ្ធិពល​អាក្រក់​មែនទែន ដល់​កំណើន​របស់​កម្ពុ​ជា។ ការ​ស្ទុះ​ងើបឡើង​វិញ នៃ​សកម្មភាព​សេដ្ឋកិច្ច​នៅ​ប្រទេស​ចិន និង​នៅ​ទីផ្សារធំៗផ្សេងទៀត​ក្នុង​ឆ្នាំ២០២១ នឹងធ្វើ​ឱ្យ​ចក្ខុវិស័យ​សេដ្ឋកិច្ច​រប​ស់​កម្ពុជា មាន​ភាពប្រសើរ​ឡើងវិញ​នៅ​ឆ្នាំ​ក្រោយនេះ។

ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) បាន​ព្យាករណ៍​ថា សេដ្ឋកិច្ចកម្ពុជា​អាច​នឹង​ហក់​ឡើងវិញ​ដល់៥.៧%ក្នុង​ឆ្នាំ២០២១ខាងមុខ ប្រសិនបើ​វិបត្តិ​នៃ​ជំងឺ​កូ​រ៉ូ​ណា ឬ Covid-19 បញ្ចប់។

នាយិកា​ធនាគារ​អភិវឌ្ឍ​អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា លោកស្រី Sunniya Durrani Jamal បាន​លើកឡើងថា “សកម្មភាព​សេដ្ឋកិច្ច នឹង​ត្រឡប់​មករក​សភាព​ដើម​វិញ ប្រសិនបើ​ជំងឺ​រាតត្បាត Covid-19 បញ្ចប់ ហើយ​សេដ្ឋកិច្ចកម្ពុជា​រំពឹងថា នឹង​ហក់​ឡើងដល់៥.៧ភាគរយ។

លោកស្រី​បន្តថា ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​ដោយ​ជំងឺ​កូ​វីដ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់វិធានការ​បន្ទាន់​មួយចំនួន ដូចជា គាំទ្រ​ប​វត្សរ៍​ដល់ក​ម្មករក​ម្ម​ការិនី​កាត់ដេរ ការ​សម្រាល​ពន្ធ បំណុល​ដល់​អាជីវកម្ម​នានា​ជាដើម។ មិនតែប៉ុណ្ណោះ​ក៏មាន​ការរៀបចំ​ថវិកាបម្រុង​ចាំបាច់ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ច​ដោយសារ​វិបត្តិ​នេះ​ផងដែរ។

ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន (AMRO) ដែល​ចេញផ្សាយ​នៅក្នុង​របាយការណ៍​ចុងក្រោយ​របស់ខ្លួន បានបង្ហាញ​ពី​ស្ថានភាព​រួម នៃ​ចក្ខុវិស័យ​កំណើនសេដ្ឋកិច្ច​របស់​ប្រជាជាតិ​អាស៊ាន +៣ សម្រាប់​ឆ្នាំនេះ និង​ឆ្នាំក្រោយ​ចំ​ពេលដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត Covid-19 ។

របាយការណ៍​បានឱ្យដឹងថា កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា នៅ​ឆ្នាំនេះ​ត្រូវបាន​ព្យាករ​ថា នឹង​សម្រេចបាន​កំនើន​ត្រឹមតែ២,៧ភាគរយ ប៉ុន្តែ​នឹង​កើនឡើង​ដល់៦,៨ ភាគរយ​នៅ​ឆ្នាំក្រោយ។