អភិបាលរងខណ្ឌឫស្សីកែវ ដឹកនាំមន្ត្រីខណ្ឌ ចុះពិនិត្យទីតាំងសាលារៀនចំនួន០២ ត្រៀម វិធានការចត្តាឡីស័ក ចំពោះកម្មករនិយោជិត នៅតាមរោងចក្រ ដែលបានឈប់សម្រាកក្នុងអំឡុងពេលបុណ្យចូលឆ្នាំ


(ឬស្សីកែវ)៖ នៅរសៀលថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៣ ត្រូវនិងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌឫស្សីកែវ បានដឹកនាំមន្ត្រីខណ្ឌ ចុះពិនិត្យទីតាំងសាលារៀនចំនួន០២ ដែលត្រៀមសម្រាប់វិធានការចត្តាឡីស័ក ចំពោះកម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានឈប់សម្រាកក្នុងអំឡុងពេលបុណ្យចូលឆ្នាំ និងចូលបម្រើការងារវិញ។

ជាលទ្ធផលរួមមាន រដ្ឋបាលខណ្ឌឬស្សីកែវ បានកំណត់យកសាលាវិទ្យាល័យឫស្សីកែវ មានបន្ទប់សរុប៤៩ ដែលក្នុងនោះមានអគ្គីសនី និងកង្ហារ១៥បន្ទប់ និងបន្ទប់ទឹក ២០បន្ទប់ និងបាន កំណត់យក សាលាបឋមសិក្សាឫស្សីកែវ មានបន្ទប់សរុប៤០ មានអគ្គសនី និងកង្ការ ០៨បន្ទប់ និងបន្ទប់ទឹក១៥បន្ទប់។

ក្នុងឱកាសនោះ លោកស្រី សួស សូលីដា បាន ឧបត្ថម្ភជូនសាលាទាំង០២ នូវម៉ាស់ អាល់កុល និង ស្ព្រាយបាញ់សម្លាប់មេរោគមួយចំនួនផងដែរ ។