ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងយកអំណោយជូនកងទ័ព និងនគរបាល ដែលកំពុងការពារព្រំដែននៅខេត្ដព្រះវិហារ និងខេត្តស្ទឹងត្រែង


(ព្រះវិហារ-ស្ទឹងត្រែង)៖ ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញទៅជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់ជូនអំណោយមួយចំនួនដល់វរកងទ័ពជួរមុខមាន កងពលធំអន្តរាគមន៍លេខ៣, កងពលតូចអន្តរាគមន៍លេខ៩, វរនគរបាលលេខ៧៩៣, បញ្ជាការដ្ឋានអង្គរក្សខេត្តព្រះវិហារ និងកងពលតូចអន្តរាគមន៍ លេខ១២៨ ប្រចាំស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

អង្គភាពកងទ័ព និងនគរបាលនៅទិសជួរមុខទាំងនៅខេត្តព្រះវិហារ ក៏ដូចជានៅខេត្តស្ទឹងត្រែង សុទ្ធសឹងជាអង្គភាពដែលចងសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ហើយរដ្ឋបាលរាជធានីភ្នំពេញតែងបានផ្សាភ្ជាប់នូវមនោសញ្ចេតនារវាងសមរភូមិមុខ និងសមរភូមិក្រោយ និងបានជួយឧបត្ថម្ភ ដល់កងទ័ព ក៏ដូចជាគ្រួសារកងទ័ព ដែលកំពុងឈរជើងការពារបូរណៈភាពទឹកដីជាប់ជាប្រចាំតាំងពីថ្នាក់ ក្រុង ដល់ថ្នាក់ខណ្ឌផងដែរ។

ជាពិសេស គឺបាននាំយកនូវអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅផ្តលជូនបងប្អូនដើម្បីសម្រាលការលំបាកខ្វះខាត និងលើកកម្ពស់ជីវភាពកងទ័ព និងគ្រួសារកងទ័ពឲ្យបានប្រសើរឡើង។

ក្នុងពិធីនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ លោកឧត្តមសេនីឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ទិសព្រះវិហារ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងផ្តល់ការជួយឧបត្តម្ភ ដល់កងទ័ពនៅសមរភូមិមុខ និងគិតគូរពីសុខទុក្ខបងប្អូនកងទ័ព និងគ្រួសារកងទ័ពតាមរយៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក ក៏បានលើកឡើង ពីសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ទិសប្រាសាទព្រះវិហារ មានសភាពស្ងប់ស្ងាត់ល្អ ដែលកំពុងក្លាយជាព្រំដែននៃសន្តិភាព អភិវឌ្ឍន៍ និងពាណិជ្ជកម្ម។

ពាក់ព័ន្ធនឹងបញ្ហាជំងឺ COVID19 លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងថា កងទ័ព និងគ្រួសារកងទ័ពឈរជើងនៅទិសប្រាសាទព្រះវិហារ ទិសស្រុកជាំក្សាន្ត គឺពុំមានកងទ័ពអ្នកណាម្នាក់មានឆ្លងជំងឺ COVID19 នោះឡើយ ដោយបងប្អូនបានប្រកាន់ខ្ជាប់នូវបទបញ្ជាររបស់សម្តេចតេជោ ហ៊ុន សែន និងការណែនាំពីការសំអាតអានាម័យរបស់ក្រសួងសុខាភិបាល។

លោកមេបញ្ជាការ បានបន្តទៀតថា ជំងឺ COVID-19 គឺប្រៀបបានទៅនឹងខ្មាំងសត្រូវលាក់មុខ ដែលយើងមើលមិនឃើញធ្វើឲ្យយើងលំបាកក្នុងការប្រយុទ្ធប្រឆាំង។ ដូច្នេះមានតែការខិតខំអនុវត្តការសំអាតដោយ ឧស្សាហ៍លាងដៃនឹងសាប៉ូ, អាល់កុល ឬជេល សម្លាប់មេរោគ, ការប្រើម៉ាសការពារ និងជៀសវាងការប្រមូលផ្តុំគ្នា និងត្រូវរក្សាគម្លាតសុវត្ថិភាពពីមនុស្សម្នាក់ ទៅម្នាក់យ៉ាងតិច២ម៉ែត្រ។

ក្នុងនាម លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក កើត ឆែ បានលើកឡើងថា ទោះបីរដ្ឋបាលរាជធានីភ្នំពេញមានភាពមមាញឹក លើការងារអភិវឌ្ឍន៍ទីក្រុង ពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19 យ៉ាងណាក្តី ក៏រដ្ឋបាលរាជធានីភ្នំពេញ មិនភ្លេចវរកងទ័ព, វរនគរបាលដែលកំពុងឈរការពារទឹកដីតាមបណ្តោយព្រំដែនទិសប្រាសាទព្រះវិហារ និងស្ទឹងត្រែងនោះដែរ ដែលជាមនោសញ្ចេតនាផ្សាភ្ជាប់ រវាងសមរភូមិមុខ និងសមរភូមិក្រោយ។

លោក កើត ឆែ បានអំពាវនាវដល់កងទ័ព និងកងនគរបាលបាលទាំងអស់ ដែលកំពុងឈរជើងនៅទិសជួរមុខប្រាសាទព្រះវិហារ និងស្ទឹងត្រែង ត្រូវចេះការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន តាមរយៈការធ្វើអនាម័យជាប់ជាប្រចាំ គឺការពារកុំឲ្យឆ្លងជំងឺដ៏កាចសាហាវ COVID-19 ដែលជាសត្រូវបំបាំងកាយ យើងមើលមិនឃើញនេះ។

ក្នុងឱកាសនោះ លោក កើត ឆែ ក៏បាននាំយកអំណោយជាថវិការបស់រដ្ឋបាលរាជធានីភ្នំពេញ ទៅផ្តល់ជូនវរកងទ័ព និងនគរបាល, បញ្ជាការដ្ឋានអង្គរក្ស ក្នុងនោះផ្តល់ជូនសម្រាប់អង្គភាពកងពលធំអន្តរាគមន៍លេខ៣ មានទឹកប្រាក់១០លានរៀល, ផ្តល់ជូនកងពលតូចអន្តរាគមន៍លេខ៩ ចំនួន៥លានរៀល, វរនគរបាលការពារព្រំដែនលេខ៧៩៣ ចំនួន៥លានរៀល, បញ្ជាការដ្ឋានអង្គរក្ស២០លានរៀល, កងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន៥លានរៀល និងផ្តល់ជូនវរសេនាតូចអន្តរាគមន៍លេខ ២៨១, ២៨២, ២៨៣,២៨៤ និង២៨៥ រួមទាំងការផ្តល់ជូនដល់នាយទាហាន, នាយទាហានរង និងពលទាហាន សរុបជាថវិកាចំនួន៤២០,៣៥០,០០០រៀល៕