ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញចុះត្រួតពិនិត្យមើលការសាងសង់ផ្លូវគ្រួសក្រហមចំនួន ពីរខ្សែ នៅស្រុកអូររាំង បន្ទាប់ពីបើកការដ្ឋានសាងសង់កាលពីពេលថ្មីៗនេះ


មណ្ឌលគិរីះ ទោះបីមមាញឹកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះក៏ពិតម៉ែន តែអាជ្ញាធរខេត្តមណ្ឌលគិរី នៅតែបន្តការគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស នៅតំបន់ដាច់ស្រយាល ដើម្បីធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋធ្វើដំណើរមានលក្ខណៈងាយស្រួលជាងមុន ជាក់ស្តែង នៅថ្ងៃសៅ ទី១៨ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានដឹកនាំក្រុមការងារ និងអាជ្ញាធរស្រុកអូររាំង បានអញ្ជើញចុះត្រួតពិនិត្យមើលការសាងសង់ផ្លូវគ្រួសក្រហមចំនួន ពីរខ្សែ ក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង បន្ទាប់ពីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែមេសា កន្លងទៅថ្មីៗនេះ។

សូមបញ្ជាក់ថា ការសាងសង់ផ្លូវគ្រួសក្រហមចំនួន ២ខ្សែ ប្រវែងសរុបចំនួន ៣១,៣០០ម៉ែត្រ ទី១. ផ្លូវទៅភូមិអណ្តូងក្រឡឹង ប្រវែង៧,៣០០ម៉ែត្រ ទទឹង០៦ម៉ែត្រ និងដាក់លូ ០២កន្លែង និងទី២ ផ្លូវទៅភូមិរការ ប្រវែង ២៤,០០០ម៉ែត្រ ស្ថិតនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំងនាពេលនេះ គឺជាគម្រោងរបស់អាជ្ញាធរខេត្តមណ្ឌលគិរី និងឃុំសែនមនោរម្យ ស្ថាបនាដោយក្រុមតេជោ សៀមរាម។ ហើយការសាងសង់ផ្លូវទាំងពីរខ្សែនេះ គឺដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋរស់នៅក្នុងស្រុកអូររាំងនេះតែម្តង៕