លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចុះផ្សព្វផ្សាយពីវិធានការការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ដល់មន្ត្រីរាជការ និងកងកម្លាំងនៅក្រុងបាវិត ខេត្តស្វាយរៀង


នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចុះផ្សព្វផ្សាយវិធានការ នៃការទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ១៩ ដល់មន្ត្រីរាជការ និងកងកម្លាំង ព្រមទាំងបាននាំយកអំណោយ និងសំភារៈប្រឆាំងនឹងជំងឺកូវីដ១៩ មួយចំនួនប្រគល់ជូនរដ្ឋបាលក្រុងបាវិត អាវុធហត្ថ យោធា នគរបាល សង្កាត់ប៉ុស្តិ៍រដ្ឋបាល យុវជន នារីទាំង៥សង្កាត់ នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
លោកជំទាវ ក៏បានកោតសសើរ និងថ្លែងអំណរគុណដល់ក្រុមការងាររដ្ឋាភិបាលចុះជួយខេត្ត ក្រុង ស្រុក ទាំងអស់ រួមទាំងរដ្ឋបាលខេត្តស្វាយរៀង មន្ទីរសុខាភិបាលខេត្ត ស្វាយរៀង និងរដ្ឋបាលគ្រប់ស្រុក ពិសេសក្រុងបាវិត ដែលបានរួមគ្នាបំពេញការងារបានយ៉ាងល្អនៅមូលដ្ឋានរៀងៗខ្លួន និងអនុវត្តបានយ៉ាងសកម្ម ក្នុងការចូលរួមទប់ស្កាត់ នូវជំងឺកូវីដ១៩ ដែលពិភពលោក ក៏ដូចជាតំបន់បាននឹងកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ។
លោកស្រីក៏បានក្រើនរំលឹកជូនដល់បងប្អូនទាំងអស់ អនុវត្តតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ៖
*ទី១៖ ត្រូវរក្សាស្រូវអង្ករទុក ដោយមិនឲ្យមានការនាំចេញទេ និងត្រូររក្សាបំរុងទុកផងដែរនូវអំបិលត្រីដោយមិនឲ្យខ្វះខាតឡើយ
*ទី២៖ សម្តេចបានជំរុញឲ្យប្រជាពលរដ្ឋពង្រីកការដាំដុះ បន្លែបង្ការចិញ្ចឹម សត្វ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដែលកំពុងមានត្រូវការខណៈការនាំចូលត្រូវបានកាត់បន្ថយ
*ទី៣៖ សម្តេចបានបញ្ជាឲ្យក្រសួងកសិកម្ម ជំរុញប្រជាពលរដ្ឋធ្វើការដាំដុះឲ្យបានខ្លាំងក្លា ដើម្បីបំពេញតម្រូវការក្នុងស្រុកដែលជាកាលានុវត្តន៍ភាពសម្រាប់វិស័យកសិកម្ម
*ទី៤៖ ចំពោះបញ្ហារោងចក្រផ្អាកដំណើរការ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្មករម្នាក់ត្រូវទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាល និងម្ចាស់រោងចក្រ ដោយមិនតម្រូវឲ្យហ្វឹកហាត់ជំនាញដូចមុនទេ
*ទី៥៖ សម្តេចបានប្រកាសបន្តអំពាវនាវសុំការយោគយល់ពីវិស័យឯកជន សុំការបញ្ចុះថ្លៃការជួលទីតាំង
*ទី៦៖ សម្តេចបានស្នើឲ្យវិស័យធនាគារ មិនត្រូវរឹបអូសដីធ្លី ផ្ទះសំបែង និងគួរពន្យារការសងសាងកាត់បន្ថយការប្រាក់ជាដើមចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់
*ទី៧៖ ត្រូវថែរក្សាអនាម័យគ្រប់ៗក្រុមគ្រួសារ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានឧបត្ថម្ភដល់សាលាក្រុងបាវិតមាន៖ អង្ករ៤៥០គីឡូក្រាម ត្រីខ១០០កំប៉ុង មី២កេស សាប៊ូ១០០ដុំ អាល់កុល៣០លីត្រ ម៉ាស់ ៨០០ម៉ាស់ ជូនប៉េអឹម យោធា នគរបាល ដោយក្នុងមួយអង្គភាពទទួលបាន៖ អង្ករ១០០គីឡូក្រាម ត្រីខ៥០កំប៉ុង មី៣កេសតូច សាប៊ូ១០០ដុំ អាល់កុល៣០លីត្រ ម៉ាស់៤០០ម៉ាស់ និងជូនសង្កាត់ ប៉ុស្តិ៍រដ្ឋាបាល យុវជន នារីទាំង៥សង្កាត់ ដោយក្នុងមួយអង្គភាពទទួលបានអង្ករ៥០គីឡូក្រាម ត្រីខ៥០កំប៉ុង មី២កេស សាប៊ូ១០០ដុំ អាល់កុល៣០លីត្រ ម៉ាស់៤០០ម៉ាស់ និងសម្រាប់សិស្សានុសិស្ស ៨២នាក់ ម្នាក់ៗទទួលបានក្រមា១ និងម៉ាស់របាំងមួយ និងថវិកាមួយចំនួន៕