រាជរដ្ឋាភិបាលសម្រេចលើកលែងពន្ធរយៈពេល៣ខែ ​ដល់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ​និងទីភ្នាក់ងារទេសចរណ៍ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩​ ចេញផ្សាយ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០


(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២០ ខែមេសានេះ បានផ្សព្វផ្សាយសេចក្តីណែនាំដល់មន្ទីរទេសចរណ៍រាជធានីខេត្ត ចុះផ្សព្វផ្សាយ និងជំរុញជាបន្ទាន់ដល់ម្ចាស់អាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងទីភ្នាក់ងារទេសចរណ៍ ស្តីពីការអនុវត្តវិធានការបន្ថែមរបស់រាជរដ្ឋាភិបាល សំដៅជួយដល់វិស័យឯកជន និងកម្មករ និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្នុងសេចក្តីណែនាំនេះ បានសម្រេចពង្រីកវិសាលភាពបន្ថែមលើការលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ទីភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ កែប កំពត ក្រុងបាវិត និងក្រុងប៉ោងប៉ែត សម្រាប់រយៈពេល ៣ខែ ដោយគិតចាប់ពីខែមីនា ដល់ឧសភា ឆ្នាំ២០២០៕