ក្រសួងរ៉ែ មិនទាន់អាចវាយតម្លៃបានថា ឥទ្ធិពល COVID-19 អាចប៉ះពាល់ដល់ការបូមប្រេងជាលើកដំបូងរបស់កម្ពុជា បាននៅឡើយនោះទេ


ក្រសួងរ៉ែ និងថាមពល មិនទាន់អាចវាយតម្លៃបានថា ឥទ្ធិពលរបស់ជំងឺ COVID-19 ដែលកំពុងតែរីករាលដាលនៅលើពិភពលោក ហើយកម្ពុជាក៏កំពុងប្រឈមដែរនោះ ប៉ះពាល់ដំណើរការបូមប្រេងដំណក់ដំបូងរបស់កម្ពុជា នៅប្លុក A ដែលគ្រោងនឹងធ្វើឡើងនៅពាក់កណ្ដាល ឆ្នាំ២០២០នេះ បាននៅឡើយនោះទេ។

នេះបើតាមការឲ្យដឹងពី ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ ក្រសួងរ៉ែ និងថាមពល» នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។

ឯកឧត្តម ជៀប សួរ បានថ្លែងយ៉ាងដូច្នេះថា «ការងារនេះយើងនឹងធ្វើការវាយតម្លៃជាមួយក្រុមហ៊ុន KrisEnergy បន្ដទៀត នៅពេលដែលស្ថានភាពធូរស្រាល ទើបយើងអាចវាយតម្លៃបានច្បាស់លាស់ជាងនេះ។ រហូតមកដល់ពេលនេះ ទាំងក្រុមហ៊ុនទាំងបុគ្គលប៉ះពាល់ទាំងអស់ ក្នុងដំណាក់កាលនេះ យើងអត់ទាន់អាចវាយតម្លៃថាយ៉ាងមិចទេ»

ឯកឧត្តមបន្តថា «យើងអាចចាប់អារម្មណ៍ជាទូទៅថា បច្ចុប្បន្ននេះដោយសារការរឹតត្បឹតនៃកូវីដ១៩ សូម្បីតែការធ្វើដំណើរជាលក្ខណៈបុគ្គលក៏ត្រូវហាមឃាត់ដែរ ចុះបើសិនជាការអនុវត្តន៍គម្រោងត្រូវការដឹកជញ្ជូន សម្ភារផ្សេងៗនៅការដ្ឋានជាដើម ក៏មិនត្រូវហាមឃាត់ដែរ ដូច្នេះការនេះយើងនឹងធ្វើការវាយតម្លៃជាមួយក្រុមហ៊ុន KrisEnergy បន្តទៀត»

អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតរូបនេះ បានអះអាងទៀតថា នៅពេលស្ថានភាពជំងឺ COVID-19 ធូរស្រាលទៅវិញ ក្រសួងរ៉ែ និងថាមពល នឹងធ្វើការពិភាក្សារួមគ្នាជាមួយក្រុមហ៊ុន KrisEnergy ដើម្បីវាយតម្លៃអំពីផលប៉ះពាល់ដោយសារជំងឺ COVID-19 ក៏ដូចជាស្ថានភាពនៃការធ្លាក់ចុះតម្លៃប្រេង ជាសកលនេះផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ជៀប សួរ ក៏បានពន្យល់ផងដែរ អំពីការធ្លាក់ចុះនៃតម្លៃប្រេងជាសាកល ដោយសារជំងឺកូវីដ១៩ បានធ្វើឲ្យសកម្មភាពនៃការដឹកជញ្ជូន ដំណើរការរោងចក្រ និងការធ្វើដំណើរជាដើម ត្រូវបានអាក់ខាន ដែលជាហេតុធ្វើឲ្យការផ្គត់ផ្គង់ប្រេងលើសពីតម្រូវការ នាំឲ្យថ្លៃប្រេងធ្លាក់ចុះ។

សូមជម្រាបថា កាលពីពេលកន្លងទៅ ក្រុមហ៊ុន KrisEnergy របស់ប្រទេសសិង្ហបុរី ដែលទទួលបានសិទ្ធិវិនិយោគ គម្រោងប្រេងកាតប្លុក (A) របស់កម្ពុជា បានអះអាងថា ការបូមប្រេងកាតចេញពីតំបន់អប្សរា គ្រោងនឹងត្រូវធ្វើឡើងនៅឆមាសទី១ ឆ្នាំ២០២០ ដែលមានអត្រាផលិតកម្មខ្ពស់បំផុត៧៥០០បារ៉ែលក្នុង១ថ្ងៃ។

បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ក្រុមហ៊ុន KrisEnergy បានលើកឡើងយ៉ាងដូច្នេះថា «ប្រេងពីតំបន់អប្សរា ត្រូវបានគ្រោងនឹងផលិតក្នុងឆមាសទី១ ឆ្នាំ២០២០ ហើយតំបន់នេះត្រូវបានរំពឹងទុកថា នឹងឈានដល់អត្រាផលិតកម្មខ្ពស់បំផុត៧៥០០បារ៉ែលក្នុង១ថ្ងៃ»

រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម ធ្លាប់បានលើកឡើងថា កម្ពុជាបែងចែកប្លុក ស្វែងរុករកប្រេងកាតជាចំនួន២៥កន្លែង នៅក្នុងដែនសមុទ្រ និងដែនគោក។ ក្នុងនោះដែនសមុទ្រ៦ប្លុក ដែនគោក១៩ប្លុក និង៤តំបន់នៅដែនសមុទ្រទាមទារ ត្រួតគ្នារវាងកម្ពុជា-ថៃ៕