ឯកឧត្ដម ឃួង ស្រេង ណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ


ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម ឃួង ស្រេង អភិ បាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យ អាជ្ញាធរខណ្ឌទាំង១៤ ធ្វើយ៉ាងណា ផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ពិសេសការផ្ដល់សេវាសុរិយោដី ខណៈដែលរាជរដ្ឋាភិបាលបានធ្វើការកែទម្រង់ ដោយផ្ទេរមុខងារនេះទៅឱ្យថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តន៍ការងារនេះជូនប្រជាពលរដ្ឋ ឱ្យកាន់តែលឿន និងល្អប្រសើរ។

ការណែនាំបែបនេះរបស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើង នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខណ្ឌ និងភូមិបាលខណ្ឌ ត្រូវតែយកចិត្តទុកដាក់ការផ្តល់សេវាជូនប្រជាពលរដ្ឋ ពិសេសលើការផ្ដល់សេវាសុរិយោដី។ ថ្នាក់ជាតិមានការកែសម្រួលជាច្រើនរហូតទៅដល់រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្ម និង សំណង់ បានធ្វើការកែសម្រួលមួយចំនួនផងដែរ។ ប៉ុន្តែកិច្ចការងារនេះនៅតែ មិនទាន់បានល្អប្រសើរនៅឡើយ។ ដូច្នេះហើយ ទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារ នេះមកថ្នាក់ក្រោមជាតិ ដើម្បីធ្វើយ៉ាងណាផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ ឯកឧត្ដមបន្តថា ការផ្ដល់សេវាជូនប្រជាពលរដ្ឋកន្លងមកនេះឃើញថា បានល្អប្រសើរហើយ ប៉ុន្តែយើងនៅតែខ្វះខាត ទៅនឹងអ្វីដែលជាការណែនាំរបស់ក្រសួងដែនដី។

ឯកឧត្ដមបញ្ជាក់ថា ការផ្ទេរមុខងារមកថ្នាក់ក្រោមជាតិនេះ គឺធ្វើយ៉ាងណាឱ្យការ ផ្ដល់សេវាជូនប្រជាពលរដ្ឋមានប្រសិទ្ធភាព មានតម្លាភាព និងមានល្បឿនលឿន។ ដូច្នេះទេសូម អភិបាលខណ្ឌទាំងអស់ត្រូវយកចិត្តទុកដាក់ ហើយនៅពេលខាងមុខនេះ សេវាសុខាភិបាលនិងបន្ថែមមួយទៀតមកថ្នាក់ក្រោមជាតិ ដែលយើងត្រូវតែទទួល និងអនុវត្តន៍ឱ្យបានជោគជ័យ។ ការងារនេះទទួលបានជោគជ័យ លុះត្រាតែអភិបាលខណ្ឌ ទាំងអស់យកចិត្តទុកដាក់ ពិនិត្យ ទៅថ្នាក់សង្កាត់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីជំរុញឱ្យបានល្អប្រសើរ។ កន្លងមកយើងអនុវត្តន៍បានល្អប្រសើរហើយ ពិសេសគឺការបង្កើតឱ្យមាន ក្រុមបដិសណ្ឋារកិច្ចនៅថ្នាក់សង្កាត់ ដើម្បីផ្ដល់សេវាជូន ប្រជាពលរដ្ឋកាត់បន្ថយ ការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋដែលថា “ចង់ជួបចៅសង្កាត់ ពិបាកជាងជួបរដ្ឋមន្ត្រី” ពាក្យទាំងនេះបានសាបរលាបទៅបាត់ហើយ។

ឯកឧត្ដមបន្តថា ក្នុងនាមអាជ្ញាធរនៅថ្នាក់ក្រោមជាតិ យើងត្រូវត្រៀមលក្ខណៈឱ្យហើយ ព្រោះនៅថ្ងៃខាងមុខ សង្កាត់នឹងមានច្រកចេញ ចូលតែមួយ ហើយក៏ជិតនឹងដល់ពេល បោះឆ្នោតថ្នាក់សង្កាត់ នៅឆ្នាំ២០២២ ផងដែរ៕