សម្តេចភក្តី សាយ ឈុំ ចុះសួរសុខទុក្ខ មន្ត្រី និង អាជ្ញាធរសង្កាត់ក្រាំងធ្នង់


ព្រឹកថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០វេលាម៉ោង ០៩:០០ នាទីព្រឹក សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណៈបក្ស និងជាប្រធានក្រុមការងារគណៈបក្ស ចុះជួយរាជធានីភ្នំពេញ បានអញ្ជើញចុះសាកសួរសុខទុក្ខ មន្ត្រី និងអាជ្ញាធរ សង្កាត់ក្រាំងធ្នង់ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ…។
សម្តេចបានសាកសួរសុខទុក្ខ និងស្តាប់របាយការណ៍ ស្តីពីសភាពការណ៍ សន្តិសុខសង្គម សណ្តាប់ធ្នាប់ ការងារបម្រើសេវាសាធារណៈរបស់មន្ត្រី កងកម្លាំង និងអាជ្ញាធរ សង្កាត់។
សម្តេចក៏បានជំរាបសួរអំពីសភាពការណ៍ និងស្ថានភាពនៃជម្ងឺកូវីដ ១៩ នៅក្នុងមូលដ្ឋាន។ព្រមជាមួយនេះ សម្តេចប្រធានក្រុមការងារក៏បានជំរាបជូនអំពីស្ថានភាពនៃការរីករាតត្បាតរបស់វារុសកូវីដ ១៩ នៅបណ្តាប្រទេសជុំវិញពិភពលោក…។ជម្ងឺរាតត្បាតដ៏កាចសាហាវដែលបន្ត
មកពីវីរុសកូវីដ ១៩ ដែលជាវីរុសប្រភេទថ្មី មិនទាន់មានការស្រាវជ្រាវណាមួយបញ្ជាក់ពិតប្រាកដ និងរកឃើញវិធីព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ឬបញ្ជាក់បានវ៉ាក់សាំងសំរាប់ការពារនៅឡើយ…។បច្ចុប្បន្ននៅកម្ពុជាយើង ស្ថានភាពនៃជម្ងឺនេះមានភាពធូរស្រាលមួយកំរិតហើយព្រោះការចម្លងមិនទាន់រីករាលដាលដល់ក្នុងសហគមន៍ និងនៅមានចំនួន(១២២ករណី)យើងនៅមិនទាន់មានអ្នកស្លាប់ និងការព្យាបាលបានជាស្បះស្បើយច្រើន(១១០នាក់)។តែនេះមិនមានន័យថាយើងអត់មានហានិភ័យនោះទេ…គឺត្រូវតែបន្តប្រុងប្រយ័ត្ន និងការពារទុបស្កាត់តទៅទៀត…។ចំពោះមុខយើងត្រូវខិតខំផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋយើងឲ្យប្រុងប្រយ័ត្ន និងអនុវត្តខ្ជាប់ខ្ជួននូវបណ្តាវិធានការដែលរាជរដ្ឋាភិបាល និងក្រសួងជំនាញបានណែនាំ ជាក់ស្តែង៖
-ការអនុវត្ត អនាម័យខ្លួនប្រាណ – ការហាត់ប្រាណ ការអនុវត្តគម្លាតសុវត្ថិភាព និងត្រូវពាក់ម៉ាស្សការពារក្នុងករណីចាំបាច់…។
ប្រជាពលរដ្ឋម្នាក់ៗត្រូវបង្កើនការប្រុងប្រយ័ត្ន និងចេះការពារខ្លួនដោយខ្លួនឯង គឺដើម្បីការពារខ្លួនយើងផ្ទាល់ និងការពារក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ខ្លួន និងការពារសហគមន៍ និងសង្គមជាតិទាំងមូលផងដែរ…៕