កិច្ចជួបពិភាក្សាជាមួយព្រឹទ្ធាចារ្យ ជេត ចន មរតកមនុស្សរស់ ដើម្បីសុំការសហការរៀបចំចងក្រងសៀវភៅក្បាច់មូលដ្ឋានគំនូរបុរាណទុកនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ


នាព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ហេង សុផាឌី អមដោយលោក ព្រាប ចាន់ម៉ារ៉ា ព្រឹទ្ធបុរសរងមហាវិទ្យាល័យបុរាណវិទ្យា និងលោកស្រី វ៉ា បុប្ផារី នៃមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌វិទ្យាសាស្រ្ត បានជួបសំណេះ សំណាលជាមួយលោកព្រឹទ្ធាចារ្យ ជេត ចន ជាមរតកមនុស្សរស់និងជាអតីតគ្រូបង្រៀនគំនូរបុរាណនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

ឯកឧត្តមសាកលវិទ្យាធិការបានមានប្រសាសន៍សួរសុខ ទុក្ខលោកព្រឹទ្ធាចារ្យ និងសាកសួរពីប្រវត្តិខ្លះៗរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈទាក់ទងនឹងថ្នាក់ដឹកនាំសាកលវិទ្យាល័យព្រមទាំងជំនាញផ្សេងៗនៅក្នុងសាកលវិទ្យាល័យ។

ឯកឧត្តមសាកលវិទ្យាធិការក៏បានស្នើសុំកិច្ចសហការពីលោកព្រឹទ្ធាចារ្យ ជេត ចន ដើម្បីរៀបចំចងក្រងសៀវភៅក្បាច់មូលដ្ឋានគំនូរបុរាណ ដើម្បីទុកជាគម្រូសម្រាប់សិស្ស និងនិស្សិតក៏ដូចជាអ្នកស្រឡាញ់វិស័យគំនូរបានសិក្សារៀនសូត្រ។