លោកជំទាវ ភឿង សកុណា អញ្ជើញទៅវត្តប្រាសាទលលៃដើម្បីថ្លែងអំណរគុណព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្តសម្រាប់ការងារបេតិកភណ្ឌជាតិ


នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញទៅក្រាបបង្គំសួរសុខទុក្ខនិងប្រគេននូវទេយ្យទានមួយចំនួនដល់ព្រះតេជគុណ បរមោ មុត្ត វិបុល ព្រះប្រធានគណៈគ្រប់គ្រងវត្តប្រាសាទលលៃ ព្រមទាំងថ្លែងអំណរគុណដល់ព្រះអង្គ គណៈកម្មការគ្រប់គ្រងវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តដែលបានស្ម័គ្រព្រះទ័យ ប្រកប ដោយព្រះតម្រិះដ៏ត្រឹមត្រូវ ក្នុងការរំកិលកុដិពីលើខឿនប្រាសាទលលៃចុះមកគង់នៅផ្នែកខាងក្រោមវិញ ដើម្បីសង្គ្រោះប្រាសាទលលៃ ។ សក្ខីភាព នេះនឹងទុកជាប្រវត្តិសាស្រ្តសម្រាប់មនុស្សជាតិជំនាន់ក្រោយៗទៀត។

ទន្ទឹមគ្នានេះដែរ លោកជំទាវក៏បានពិនិត្យការរៀបចំឡើង វិញនូវកុដិឈើមួយខ្នង មានបួនបន្ទប់ ដែលបានរំកិលពីលើខឿនប្រាសាទលលៃចុះមកបរិវេណខាងក្រោមដោយបានពិនិត្យអំពីប្លង់ស្ថាបត្យកម្មដែលព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាវត្តអារាមក្នុងតំបន់ឧទ្យានអង្គរ និងព្រះតេជគុណ បរមោ មុត្ត វិបុល ព្រះប្រធានគណៈគ្រប់គ្រងវត្តប្រាសាទលលៃ បានសម្រេចឲ្យអាជ្ញាធរជាតិអប្សរាជួយសាងសង់សម្រាប់ព្រះសង្ឃគង់នៅ។ លោកជំទាវបានផ្តល់អនុសាសនដល់អាជ្ញាធរជាតិអប្សរាដែលជាអ្នករៀបចំ និងកំពុងធ្វើការសាងសង់នោះ ធ្វើយ៉ាងណាឲ្យបានសមរម្យ និងងាយ ស្រួលដល់ការគង់នៅរបស់ព្រះសង្ឃ សម្រាប់បដិបត្តិតាមបែបព្រះពុទ្ធសាសនា៕