ឯកឧត្តម សេង ទៀង នាំយកអំណោយសម្ដេចតេជោ ហ៊ុន សែន ផ្ដល់ជូនគ្រួសារកូនភ្លោះ៣ នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ


(ភ្នំពេញ)៖ ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយសប្បុរធម៌របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនគ្រួសារកូនភ្លោះ៣នាក់ នៅភូមិអណ្តូងតាអន សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានប្រគល់ជូនរួមមាន៖ អង្ករ ២០០គីឡូក្រាម, ស្កសរ៥គីឡូក្រាម, ទឹកដោះគោម្សៅ១កេសធំ, សារុង០២, ក្រម៉ា០២ និងថវិកា៥លានរៀល។ កូនភ្លោះ៣នេះ កើតនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ (ស្រី២នាក់ និងប្រុសម្នាក់) ដែលជាកូនលើកទី២ (កូនលើកទី១ស្រី អាយុ៦ឆ្នាំ) មានឪពុកឈ្មោះ ស្រ៊ី ចាន់ផល អាយុ៣៩ឆ្នាំ ជាគ្រូបង្រៀន និងម្ដាយឈ្មោះ ញឹប វណ្ណារី អាយុ៣៨ឆ្នាំ។

ក្នុងឱកាសនោះ ឯកឧត្តម សេង ទៀង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសគឺសុខទុក្ខអ្នកដែលសម្រាលបានកូនភ្លោះ៣ មិនតែប៉ុណ្ណោះ សម្តេចបានចាត់ទុកកូនភ្លោះ៣នេះ ជាចៅសម្តេចថែមទៀតផង។

ជាមួយគ្នានោះដែរ ឯកឧត្តម សេង ទៀង ក៏បានណែនាំឱ្យក្រុមគ្រួសារកូនភ្លោះទាំង៣នេះ ត្រូវថែរក្សាសុខភាពឱ្យបានល្អ។

គួរជម្រាបថា នេះជាគ្រួសារកូនភ្លោះ៣ លើកទី៣៦២ហើយ ដែលទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕