ឯកឧត្តម ចាន់ ស៊ីណាត បានធ្វើការដឹកនាំក្រុមការងារក្រសួង ប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម គ្រប់ខេត្ត-ក្រុង និងរាជធានី ទាំង២៥ និងមន្រ្តីសហការីជាច្រើនរូបទៀត បានធ្វើសកម្មភាពការងារជូន ក្រសួងធនធានទឹក និងឧតុនិយម


នៅថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM បានធ្វើការដឹកនាំក្រុមការងារក្រសួង ប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម គ្រប់ខេត្ត-ក្រុង និងរាជធានី ទាំង២៥ និងមន្រ្តីសហការីជាច្រើនរូបទៀត បានធ្វើសកម្មភាពការងារជូន ក្រសួងធនធានទឹក និងឧតុនិយម ដូចតទៅ ៖

១- ប្រជុំជាបន្ទាន់ជាមួយនឹង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF តាម E-VC Video Conference Zoom ដើម្បីដាក់យុទ្ធសាស្រ្តអនុវត្តការងារទប់ទល់នឹង EBA និងការបំបាត់ចោលលើការឆ្លងពី ជម្ងឺ COVID-19។

ការប្រជុំខាងលើនេះក៏នៅបាន អញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហែម វណ្ឌី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ការប្រជុំ E-VC នេះ មានវត្តមាន អញ្ជើញចូលរួមផងដែរពីសំណាក់ ៖

– ឯកឧត្តម ប៉ែន ធីរុង អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល និងមន្រ្តីអ្នកមុខ និងអ្នកការ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាច្រើនរូបទៀត
– តំណាងពីក្រសួងអភិវឌ្ឍន៍ជនបទ
– តំណាងពីអជ្ញាធរអគ្គីសនីកម្ពុជា

២- ការប្រជុំនេះគឺក្នុងគោលបំណងធ្វើការដោះស្រាយជាបន្ទាន់រកការងារឲ្យប្រជាកសិករ ប្រជាពលករ និងកម្មករ ដែលវិលត្រលប់ទៅភូមិដ្ឋានវិញក្រោយពេលកើតគ្រោះEBA និងជម្ងឺឆ្លង COVID-19 ឲ្យមានការងារធ្វើគ្រប់គ្រាន់ រកកម្រៃបានច្រើន មានស្បៀងអាហារហូបចុកជាប្រចាំ មានសម្លៀកបំពាក់បានគ្រប់គ្រាន់ និងមិនធ្វើការចំណាកស្រុក។

៣- ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានស្នើបង្កើនការងារជាច្រើនអតិបរិមា តាមរយៈការបង្កើនទុនវិនិយោគលើជំពូកឥណទានសាច់ប្រាក់ពលកម្មឲ្យបានច្រើនសម្រាប់ធ្វើការងារដូចតទៅ ៖

– ធ្វើការកសាងសាងសង់ប្រព័ន្ធប្រឡាយជើងក្អែបឲ្យបានច្រើនដើម្បីបំពាក់ជូនប្រព័ន្ធធារាសាស្រ្តក្នុងខេត្តគោលដៅចំនួន ១៧ ដោយធានាការបញ្ចូលទឹកដល់កន្លែងផលិត និងធានាសុវត្ថិភាពទឹកក្នុងពេលបម្រែបម្រួលអាកាសធាតុនាពេលនេះ។

– បង្កើនការខ្ចប់ទឹកទុកតាមបឹងបួរធម្មជាតិតាំងពីសម័យបុរាណមកឲ្យបានចំនួន ៣៥០កន្លែង ក្នុងខេត្តគោលដៅទាំង ១៧ ដែលនាំមកនូវបរិស្ថានបៃតង និងធានានិរន្តរភាពទឹក និងប្រព័ន្ធអេកូឡូសុី

ក្រសួង MEF បានយល់ព្រមអនុវត្តតាមផែនការខាងលើ របស់ឯកឧត្តមរដ្ឋមន្ត្រី ដោយពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំក្នុងការអនុវត្ត ជាមួយនឹងក្រសួងធនធានទឹក និងឧតុនិយម ហើយអង្គប្រជុំ E-VC នេះបានបញ្ចប់ទៅក្រោមស្មារតីសាមគ្គីភាពឯកភាពថ្លុងមួយ ៕