លោក ឌី រ័ត្នខេមរុណ ចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៍ ប្រជាពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យទី២ ជួបគ្រោះអគ្គីភ័យឆេះឃ្លាំងស្តុកអេតចាយ


នៅវេលាម៉ោង ១៤ : ៣០នាទីរសៀល ថ្ងៃ សុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២០ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍ ផ្តល់ជូន លោក សឿងពិសិដ្ឋ អាយុ ៣៤ឆ្នាំ មុខរបរ ទិញលក់ អេតចាយ ដែលជួបគ្រោះអគ្គីភ័យឆេះឃ្លាំងស្តុកអេតចាយរបស់គាត់ ស្ថិតនៅក្រុមទី៣ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ឆ្លៀតឱកាសពេលនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ពីបញ្ហាអគ្គីភ័យ ព្រោះខែនេះជារដូវក្តៅ វាអាចងាយរងគ្រោះដោយយថាហេតុណាមួយ ប្រសិនបើមិនបានពន្លត់ត្រឹមត្រូវ នូវប៉ារ៉ែតភ្លើង ចង្ក្រានហ្គាស ភ្លើងទាន ភ្លើងធូប មុនពេលចេញទៅក្រៅផ្ទះ ជាពិសេសត្រូវយល់ដឹងអំពីវិធីបង្ការ ការពារ ការដាក់ខ្លួនឱ្យស្ថិតនៅដាច់ដោយឡែក ការប្រើប្រាស់ម៉ាសឱ្យបានត្រឹមត្រូវ ដើម្បីការបង្ការ និងទប់ស្កាត់ ជម្ងឺកូវីដ ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក នាពេលបច្ចុប្បន្ន និងបានសំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ការ ការពារខ្លួនពីជំងឺកូវីដ-១៩ និងបានផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ ដែលក្រសួងសុខាភិបាលបានប្រកាសជូនពួកគាត់។

សូមបញ្ជាក់អគ្គិភ័យនេះ ត្រូវបានឆាបឆេះនៅវេលាម៉ោង ១៤:៣០ នាទីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ចំពោះការខូចខូចខាតគឺឆេះឃ្លាំងស្តុកអេតចាយទាំងស្រុង ដោយបានប្រើប្រាប់រថយន្ដពន្លត់អគ្គិភ័យចំនួន៧គ្រឿង មាន៖

១. រថយន្តពន្លត់អគ្គីភ័យ របស់ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ចំនួន ៣គ្រឿង។

២. រថយន្តពន្លត់អគ្គីភ័យ របស់ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចំនួន ៣គ្រឿង។

៣. រថយន្តពន្លត់អគ្គីភ័យ របស់ ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ហើយអគ្គីភ័យនេះគ្រប់គ្រងបាន ១០០% នៅវេលាម៉ោង ១៥ៈ៣០ នាទីរសៀល នាថ្ងៃខែឆ្នាំដដែល ដោយមិនបណ្តាលឲ្យមានអ្នករងរបួស ឬស្លាប់ឡើយ ។

លោក ឌី រ័ត្នខេមរុណ បានសម្តែងក្តីអាណិតអាសូរ និង សោកស្តាយ ខ្លាំងបំផុត ចំពោះគ្រួសារ ដែរត្រូវអគ្គិភ័យ បានឆាបឆេះបំផ្លេចបំផ្លាញនូវឃ្លាំងស្តុកអេតចាយ នេះ តែទោះបីជាយ៉ាងណាក៏យើងអាចរក្សាអាយុជីវិតរបស់យើងបាន ដើម្បីបន្តជីវភាពនិង ខិតខំប្រកបអាជីវកម្ម ក៏ដូចជាធ្វើការងារដើម្បីមានធនធានបន្តជីវភាពអោយកាន់តែប្រសើរឡើងជាងនេះទៀត ។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ក៏បានណែនាំចៅសង្កាត់ ជួយសំរួលរាល់ឯកសារពាក់ព័ន្ធ ដូចជា សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ ឬក៍ឯកសារផ្សេងៗទៀត ដើម្បីអោយគ្រួសាររងគ្រោះអគ្គិភ័យ មានឱកាសដើម្បីស្វែងរកការងារធ្វើ ក៍ដូចទុក សំរាប់កំណត់ប្រើប្រាស់អ្វីផ្សេងៗទៀត។

អំណោយរបស់អនុសាខាកាកបាទក្រហមខណ្ឌបាន ផ្តល់ជូនរួមមាន ៖
– អង្ករ ១បាវ ស្មើ៥០ គីឡូ , មី ១កេស , ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, តង់កៅស៊ូ១, ម៉ាស់ , អាល់កុល , ក្រម៉ា , រួមទាំងសំភារះផ្ទះបាយមួយចំនួន និង ថវិកាចំនួន ១៥ម៉ឺនរៀល ផងដែរ ។